ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​ព្រូស

0

ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ រហូត​ដល់​វេលា​ម៉ោង​០១​និង ០០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២២ បាន​ឃាត់​រថយន្ត​១​គ្រឿង នៅ​ចំណុច​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ និង​ឃាត់ខ្លួន​យុវជន​ម្នាក់​ជនជាតិ​ខ្មែរ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​និង​៥០​នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ហត​ឡាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថា ខ្លួន​បាន​បាត់​រថយន្ត ១​គ្រឿង ម៉ាក PRIUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-2218 ដែល​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ នៅ​ចំណុច ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​បាន​សហការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​និង​រថយន្ត​ខាងលើ​បាន​ផង​ដែរ ។

ម្ចាស់​រថយន្ត​មានឈ្មោះ ឆេ​ង គី​ម​ឡេ​ង ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ សម្ភារ​បាត់បង់​៖ -​រថយន្ត ១​គ្រឿង ម៉ាក PRIUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-2218 ។

ជនសង្ស័យ​ឈ្មោះ ស្រ៊ុ​ន សុ​ភី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ +​សម្ភារ​វត្ថុ​តាង​ចាប់​យក​បាន ៖ -​រថយន្ត ១​គ្រឿង ម៉ាក PRIUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-2218 ។ -​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​តាកែវ 1Q-6539 ។

ករណី​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ចំនួន​០៣​ដង រួច​មក​ហើយ ដោយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​០០ និង​១០​នាទី​រំលង​អធ្រាត្រ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​តាកែវ 1Q-6539 នៅ​ចំណុច ក្រោយ​សាលា​ហ៊ុន​សែន​ឃ្លាំង​លើ ស្ថិត​ក្នុង ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​ខាងលើ ទៅ​ចំណុច​ម្តុំ​ផ្លូវ​សេ​តេ ស្ថិត​ក្នុង ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ រួច​ធ្វើ​សកម្មភាព​លួច​រថយន្ត ១​គ្រឿង ម៉ាក PRIUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-2218 ដែល​ចត​ទុក​នៅ​មុខ​ហាង​លក់​ឥ​វ៉ា​ន់​មួយ​កន្លែង រួច​ជិះ​រថយន្ត​នោះ​រត់គេច​ខ្លួន ដោយ​បន្សល់​ទុក​ម៉ុ​តូ​នៅ​កន្លែង​កើតហេតុ លុះ​ជិះ​រថយន្ត​ដល់​ចំណុច ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​តែ​ម្តង ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ