ផឹក​ស្រវឹង​យក​ផ្លែ​ដូង​គប់​ប្រពន្ធ មានអី​ប្រពន្ធ​តដៃ​យក​ដំបង​ឫស្សី​វាយ​រហូត​ដាច់ខ្យល់

0

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​ស្រវឹងស្រា​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​យក​ផ្លែ​ដូង​គប់​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​យក​ដំបូង​ឫស្សី​វាយ ។ ករណី​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​១០​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២ នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ឆែម ថង​យូ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង​ប្រពន្ធ ឈ្មោះ  ជា រេ​ត អាយុ​៤១​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​មក​ពី​ដើរ​ផឹកស្រា​ស្រវឹង ដល់​ផ្ទះ​បាន​យក​ផ្លែ​ដូងខ្ចី​ចំនួន​០២​ផ្លែ​ដែល​ប្រពន្ធ​ទិញ​រៀបចំ​ដាក់រទេះ សម្រាប់​លក់​បោះ​ទៅ​លើ​ប្រពន្ធ ខណៈ​កំពុង​ដេក​ជាមួយ​ចៅ នៅ​ក្រោមផ្ទះ​ម្តាយ ០១​ផ្លែ​ត្រូវ​ខ្លួន​ចៅ និង​០១​ទៀត​ត្រូវ​ក្បាល​ប្រពន្ធ ។ បន្ទាប់​មក​ទៀត​បុរស​ជា​ប្តី​មិន​អស់ចិត្ត ក៏​ស្ទុះ​ទៅ​ចាប់​ច្របាច់ក​ប្រពន្ធ​ថែម​ទៀត​ក៏​មានការ​ប្រតាយប្រតប់​គ្នា ។ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ច្រាន​បុរស​ជា​ប្តី​ឲ្យ​ដួល​ទៅ​លើ​ដី រួច​បាន​យក​ដំបង​ឫស្សី​ទៅ​វាយ​ចំ​ក្បាល និង​មុខជា​ច្រើន​ដំបង បណ្ដាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា់ បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ទាក់ទិន​ករណី​ឃាតកម្ម​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​បាន​ចុះ​ទៅ​ដល់​កើតហេតុ និង​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​មក​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​សារភាព​ថា នាង​បាន​ស៊ូទ្រាំ​ជា​ប្តី​របស់​នាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ គាត់​មិន​ដែល​ជួយ​រកស៊ី​អី​ទេ ពេល​ផឹក​ស្រវឹង​តែង​ប្រើ​ហិង្សា​វាយដំ​និង​ជេរ​ប្រមាថ​មក​លើ​រូប​គាត់​រហូត​ដល់​ពេល​ខ្លះរ​ត់ទៅ​ដេក​នៅផ្ទះ​ម្តាយបង្កើត​នៅ​ក្បែរ​គ្នា ។

លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា​៖​ដោយ​ផ្អែក​លើ​ករណី​ជាក់ស្តែង​និង​ចម្លើយ​សារភាព ។​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ