ឃាត់ខ្លួន​ក្មេង​ទំនើង ៣​នាក់ បង្ក​ការ​អុកឡុក​តាម​ដងផ្លូវ​សាធារណៈ

0

ពោធិ៍សាត់៖ ក្មេង​ទំនើង​០៣​នាក់ ក្នុង​ចំនោម​បក្ខពួក​ចំនួន​១៧​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ក្រោយ​បង្ក​ការ​អុកឡុក បណ្តាល​ឲ្យ​អសន្តិសុខ នៅ​តាម​ដងផ្លូវ​សាធារណៈ នៅ​ចំណុច​ខាងលិច​សាលា​វិទ្យាល័យ​ហ៊ុន​សែន បាក់​ចិញ្ចៀន ឆ្ពោះ​មក​ភូមិ​តា​សាស់ ឃុំ​ផ្ទះ​រុង កាលពី​វេលា​ម៉ោង ១៥ នឹង​០៥​នាទី ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែមីនា ឆ្នាំ ២០២២ ។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ទោ អ៊ុ​ល ហៃ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ទូរ​សព្ទ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាក់​ចិញ្ចៀន ថា​មាន​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​ប្រហែល ១៥​នាក់ ជិះ​ម៉ូតូ​ប្រហែល ១០​គ្រឿង ដោយ​មាន​កាន់​កាំបិត​និង​ដំបង​តាម​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ខាងលើ លោក​បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​រុង​ចំនួន​០៤​នាក់ សហការ​ជាមួយ​កម្លាំង​អធិការ​ចំនួន ០៣​នាក់ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក សំ គ្រៀន ឋានៈ នាយ​ប៉ុស្តិ៍​ផ្ទះ​រុង​ស្ដីទី បាន​ចុះ​អន្តរាគមន៍ ស្ទាក់​តាម​ផ្លូវ​ដល់​ចំណុច​ប្រឡាយ​ថ្នល់ទទឹង ស្ថិត​នៅ​ភូមិ​ស្តុក​ខ្ទុំ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង​និង​ជនសង្ស័យ ០៣​នាក់ ទី​១​ឈ្មោះ ឈិ​ន វី​រៈ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទី​២​ឈ្មោះ ផាត សុ​ផែន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នឹង ទី​៣​ឈ្មោះ ស៊ី​វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ក្នុងភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ​ថែម​ទាំង​ដកហូត​វត្ថុ​តាង​រួម​មាន កូន​ពូថៅ​ដង​ដែក​ចំនួន​០១ កាំបិត​ផ្គាក់​ចំនួន ០១ ជំ​ពុះ​ទង់​ចំនួន​០១​នឹង ម៉ូតូ​ចំនួន​០២​គ្រឿង ទី​១​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ នឹង​ទី​២​ម៉ូតូ​ម៉ាក​ហុងដា ទ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ សៀមរាប​1B-6019 រីឯ​បក្សពួក​របស់​ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​អស់ ។

លោក​អធិការ​បាន​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​យើង​បាន​បញ្ជូន​មក​កាន់​អធិការ​ស្រុក​តា​លោ​សែន​ជ័យ​ដើម្បី​សួរនាំ​បន្ត ។ ក្រោយ​ពី​ការ​សួរនាំ​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ការ​ពិត​ប្រាប់​សមត្ថកិច្ច​យើង​ថា ខ្លួន​មាន​បក្សពួក​ចំនួន​១៧​នាក់ បាន​ណាត់គ្នា​តាម​ទូរ​សព្ទ​ជាមួយ​សិស្សសាលា​វិទ្យាល័យ​ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ​ធ្វើ​សកម្មភាព​កាប់​គ្នា​នៅ​តាម​ដងផ្លូវ​ជា​ញឹកញាប់ ដោយ​បក្ខពួក​ខ្លះ​ធ្លាប់​បាន​ត្រូវ​សមត្ថកិច្ច ធ្វើការ​អប់រំ​មួយ​លើ​ករណី​បង្ក​របួស​ស្នាម ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​សមត្ថកិច្ច​យើង​បាន​ធ្វើតេស្ត​ជនសង្ស័យ​ទាំង ០៣​នាក់​ជា​លទ្ធផល​អវិជ្ជមាន​។

ចំពោះ​ជនសង្ស័យ​ទាំង​បី ត្រូវ​បាន​សមត្ថកិច្ច​ឃាតខ្លួន​ជា​បណ្តោះអាសន្ន តាម​បញ្ជា​របស់​ឯកឧត្តម កូយ កាន់​យ៉ា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សួរនាំ​បន្ត និង​បំពេញ​នីតិវិធី​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ