សុទ្ធតែ​អ្នកជំនាញ​ជិះ​ម៉ូតូ​ឆក់​តាម​ដងផ្លូវ​ហើយ​នេះ

0

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៣​ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​០៩​នាក់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ លាង រី​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ឆក់​កាបូប​ខណៈ​ខ្លួន​និង​មិត្តភក្តិ​នាំ​គ្នា​ដើរទៅ​ធ្វើការ​នៅ​ក្បែរ​ដងផ្លូវ​ជាតិ​លេខ​៣ ។ សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖ -​កា​ប៊ូ​ប យួរ ចំនួន​០១ -​កា​ប៊ូ​ប​ដៃ​ចំនួន​០១ -​កាត​ចាក់​វ៉ា​ក់សាង់ ចំនួន​០១​សន្លឹក -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​០១​សន្លឹក -​ប្រាក់​ចំនួន ៣០០​ដុល្លារ និង​សម្ភារៈ​ផាត់មុខ​០១​ចំនួន ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ល្បាត​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដេញ​ស្ទាក់​ចាប់​បាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ជនសង្ស័យ​ចំនួន​៤​នាក់ ។ បន្ទាប់​មក បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​បូកគោ ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​និង​ម៉ូតូ​១​គ្រឿង​បន្ថែម​ទៀត ។ រីឯ​បក្ខពួក​ចំនួន​៣​នាក់​ទៀត​បាន​កំពុង​គេចខ្លួន ។

តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា ពួក​គេ​បាន​ជិះ​ម៉ូតូ​មក​ពី​ខេត្តកំពត​ចំនួន​០៥​គ្រឿង​មាន​គ្នា​ចំនួន​០៩​នាក់ មក​លេង​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ជិះ​ត្រឡប់​ទៅ​ខេត្តកំពត ។ មក​ដល់​ចំណុច​ខាងលើ ឃើញ​ស្ត្រី​២​នាក់​កាន់​កាបូប​ដើរ ឃើញ​ឱកាសល្អ​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ក្នុង​គោលបំណង​ជិះ​ចំ​ដៅ​ទៅ​ខេត្តកំពត​វិញ តែ​ត្រូវ​សមត្ថកិច្ច​បាន​ដេញ​ស្ទាក់​ចាប់​ជា​បន្តបន្ទាប់ រីឯ​៣​នាក់ និង​ម៉ូតូ​២​គ្រឿង​ទៀត​បាន​ជិះ​រត់គេច​ខ្លួន ។

បច្ចុប្បន្ន ករណី​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕