លុ​ច​ស៊ី​ស សាកល្បង​កម្លាំង​ជា​រថយន្ត​ដឹក​ដី បណ្តាល​អោយរ​បួស ៣​នាក់

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​២៥​នាទី លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុម​ទី​០៩ ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់ និង​រថយន្ត​ម៉ាក​លុ​ច​ស៊ី​សជី​អេស បណ្តាល​អោយ​មនុស្ស​ចំនួន ០៣​នាក់​រង​របួសធ្ងន់​ស្រាល ។

លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​រាយការណ៍​អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់ ០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (HYUNDAI) ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ 3A-0562 បើកបរ​ដោយ​ឈ្មោះ វណ្ណ វឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល និង​រថយន្ត​ធុន​តូច ០១​គ្រឿង ម៉ាក​លុ​ច​ស៊ី​សជី​អេស (LEXUS GS) ព​ណ៍​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2R-6288 បើកបរ​ដោយ​ឈ្មោះ ញឹក សុ​ជាតិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រួម​ដំណើរ​មាន​គ្នា​០៣​នាក់ ១.​ឈ្មោះ ជឹ​ម សុធា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ២.​ឈ្មោះ ជឹ​ម សុ​ខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​៣.​ឈ្មោះ អី​វណ្ណ ជេ​ស៊ី​កា​ឃោ ភេទ​ស្រី អាយុ​០៥​ឆ្នាំ ទាំង​០៤​នាក់ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ធុន​តូច​រង​របួសស្រាល​០១​នាក់ ប្រុស​និង​អ្នក​រួម​ដំណើរ​រង​បួស​ធ្ងន់​០២ នាក់​(​ស្រី​) ស្រាល​០១​នាក់​(​ស្រី​) ខូចខាត​រថយន្ត​ធុន​តូច​០១​គ្រឿង (​ធ្ងន់​) និង​រថយន្ត​ធុន​ធ្ងន់​០១​គ្រឿង (​ស្រាល​)​។ តាម​ការ​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ បណ្តាល​មក​ពី​រថយន្ត​ដឹក​ដី​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​លុះ​ពេល​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ធ្វើ​ឱ្យ​រថយន្ត​ធុន​តូច ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​បត់​រថយន្ត​កំពុង​បត់​ចំ​ពីក្រោយ​ផ្នែក​ខាងឆ្វេង​ពេញទំហឹង​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ