បាត់ដំបង ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨និង២៨នាទី មានករណីមនុស្សស្លាប់ដោយឆ្លងចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីមួយកើតឡើង ជនរងគ្រោះឈ្មោះ សាំង ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានមកឆក់ត្រីនៅចំណុចប្រឡាយទឹក ស្ថិតក្នុងក្រុមទី២ ភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដូចសព្វដង នៅថ្ងៃកើតហេតុស្រាប់តែឆ្លងចរន្តអគ្គិសនីពីឧបករណ៍ឆក់ត្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ សាំង ចាន់ ពិតជាឆ្លងចរន្តអគ្គិសនីពីឧបករណ៍ឆក់ត្រីបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ