កាប់​ប្រពន្ធ​ស្លាប់​ហើយ ចាក់សោរ​ទ្វារផ្ទះ ជិះ​ម៉ូតូ​ទៅ​រក​សមត្ថកិច្ច

0

សៀមរាប ៖ សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥ និង​៣០​នាទី ស្ថិត​នៅផ្ទះ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យ​មានឈ្មោះ ស្រេង សុខ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ស្រុ​កំណើត​នៅ​ភូមិ​អង្គ​ឃ្លាំ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២២ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ថា មាន​ករណី​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ​កាប់​ប្រពន្ធ​ឈ្មោះ សោរ គឹ​ម​ហៀ​ង អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ត្រង់​.​ក បណ្តាល​ឲ្យ​ស្លាប់ រួច​យក​ភួយ​គ្រប​ជន​រង​គ្រោះ​ហើយ​ចាក់សោរ​ទ្វារផ្ទះ របង និង​ជិះ​ម៉ូតូ​ទៅ​ជួប​សមត្ថកិច្ច​នៅ​ម្តុំ​ស្រះស្រង់ ហើយ​ប្រាប់​ដល់​សមត្ថកិច្ច​ថា ខ្លួន​សម្លាប់​ប្រពន្ធ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​កន្លែង​កើតហេតុ ដោយ​ឃើញ​ថា​ពិតជា​មាន​មនុស្ស​ស្លាប់​ពិតមែន​។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រុញ​ប្រពន្ធ​ធ្លាក់​ពីលើ​កាំជណ្តើរ រួច​យក​កាំបិតប៉័ងតោ​កាប់សម្លាប់​ប្រពន្ធ​ពិតមែន ដោយ​មូលហេតុ​ជនសង្ស័យ​ខឹង​ប្រពន្ធ មិនសូវ​យកចិត្តទុកដាក់​ក្រុម​គ្រួសារ​របស់​ខ្លួន និង​បង្ខំ​អោយ​ខ្លួន​ផឹកទឹក​ក្រូចឆ្មា​សុទ្ធ ខណៈ​ពេល​ដែរ​ជនសង្ស័យ​មាន​ជំងឺ​ក្រពះ ជំងឺ​តំរងនោម និង​កំពុង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​។ សមត្ថកិច្ច ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​យក​សំណាក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ លទ្ធផល​អវិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។ ចំណែក​សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ