ព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា នៅក្នុងផ្ទះជួលមួយកន្លែង ជាន់ទី០១ ស្ថិតនៅ ក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មាននារីជនជាតិចិន ០១នាក់ បានស្លាប់នៅក្នុងបន្ទប់លើគ្រែពូក ដោយសពត្រូវបានគេយកខ្សែស្បែកជើងពណ៌ស ចងដៃទាំងពីរផ្អោបចូលគ្នា ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ។
មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ សពឈ្មោះ LOU ZHIJIN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត: ១៩-០៧-១៩៨០ កាន់លិខិតឆ្លងដែនលេខៈ E៨៨៨៤២៧៣១ ចុះថ្ងៃទីៈ ០៧-១២- ២០១៦ សុពលភាព: ០៦-១២-២០២៦ ។ យោងតាមការពិនិត្យសាកសព របស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានសន្និដ្ឋានបានថា ៖ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ច្របាច់បំពង់ក និងខ្ទប់ផ្លូវដង្ហើម ( អំពើឃាតកម្ម ) ។ សពត្រូវបានប្រគល់ជូនការិយាល័យនគរបាលពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ក្នុងការស្រាវជ្រាវ ។
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែនការការនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដោយប្រើវិធានការជំនាញ រហូតកំណត់បានភិនភាគរបស់ជនសង្ស័យ ដោយជនសង្ស័យបានគេចខ្លួនទៅរាជធានីភ្នំពេញ ទើបនៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានពន្លាតដែនដី ធ្វើការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ជាជនជាតិ ភេទប្រុស ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមលាសាដំបូងរាជធានីភ្នំពេញ និងការចូលរួមសហការពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងអធិការរងខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍ការកាប២ ។
ជនសង្ស័យឈ្មោះ LI XIAO HONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាដក ។
វត្ថុតាងដកហូតរួមមាន ៖
-អាវុធខ្លី ០១ដើម ម៉ាក BERETTA (ប្រើហ្គាស់) ពណ៌ខ្មៅ
-ដង្កាប់ ១ដើម
-ទល់រឺវីស ០១ដើម
-សោរអូរតូ ០១ដើម
-ខ្សែលួស ០៧ដុំ
-លុយដុល្លារក្លែងក្លាយ (លុយសែន) ០១ដុំ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ