អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ទីតាំង លប​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​ផ្សារ​ចាស់

0

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:៣៤​នាទី ដោយ​ទទួល​បាន​នូវ​ការ​បញ្ជា​ផ្ទាល់​ពី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ទីតាំង លប​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​មាន​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ បង្កប់​ឆ្នោត​វៀតណាម​) ស្ថិត​នៅ​តូប​លេខ ១៤ ក្នុង​ទី​រួម​ផ្សារ​ចាស់ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​លទ្ធផល ដូច​ខាងក្រោម​៖

តាម​ការ​ពិនិត្យ​ជាក់ស្ដែង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ពិនិត្យ​ឃើញ​ថា​៖ លោកស្រី គួ​ង ឆេ​ង​ហាក់ ម្ចាស់​តូប​លេខ ១៤ មានមុខ​របរ លក់​ទៀន​ធូប បាន​ប្រព្រឹត្ត​លប​លួច កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ដែល​មាន​វត្ថុ​តាង​ជាក់ស្ដែង​រួម​មាន​៖

១. វិញ្ញាបនបត្រ​បញ្ជាក់​ផ្តល់​សិទ្ធិ​លក់ ចំនួន ០១​ច្បាប់ ឈ្មោះ គួ​ង ឆេ​ង​ហាក់ របស់​ក្រុមហ៊ុន ឌ្រី​ម​វី​ន ខ​ប​ភើ​រេ​សិន បាន​ប្រគល់​សិទ្ធិ​លក់​ឆ្នោត ៥​ខ្ទង់ ( 5D ) ជាមួយ​រង្វាន់​លួង​ចិត្ត ៤​ខ្ទង់​, ៣​ខ្ទង់ និង ២​ខ្ទង់ ចុះ​នៅ​ថ្ងៃ​ទី ១៨ ខែកុម្ភៈ ឆ្នាំ​២០២១ កាលបរិច្ឆេទ​ផុត​សុពលភាព​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ១៧ ខែសីហា ឆ្នាំ​២០២១ សម្រាប់​តែ​ឆ្នោត​របស់​ក្រុមហ៊ុន ឌ្រី​ម​វី​ន ខ​ប​ភើ​រេ​សិន តែ​ប៉ុណ្ណោះ​។
២. ក្ដា​បង្ហាញ​លទ្ធផល​ឆ្នោត​ខ្មែរ ចំនួន ០១
៣. សៀវភៅបញ្ជី​ឆ្នោត
៤. កន្ទុយ​សម្រាប់​កត់​ឆ្នោត​មួយ​ចំនួន (​ក្រដាស​សម្រាប់​កត់​)
៥. ម៉ាស៊ីន​សម្រាប់​កត់​ឆ្នោត​វៀតណាម ពណ៌​ស ចំនួន ០១​គ្រឿង
៦. ម៉ាស៊ីន​សម្រាប់​កត់​ឆ្នោត​ខ្មែរ ចំនួន ០១​គ្រឿង
៧. ម៉ាស៊ីន​គិត​លេខ ចំនួន ០១​គ្រឿង
៨. ទូរស័ព្ទ​ដៃ ចំនួន ០២​គ្រឿង
៩. លុយ​ខ្មែរ ចំនួន ១,០០០,០០០​រៀល​។

គណៈកម្មការ​ផ្សារ​ចាស់ បាន​សម្រេច​ដកហូត​វត្ថុ​តាង និង បញ្ជូន​ជនល្មើស ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ