កុំ​មើល​ជិះ​សុទ្ធតែ​ឡាន​! ប៉ុន្តែ​មានមុខរ​បរជា​អ្នក​ឆបោក យក​ប្រាក់​តាមកន្លែង​ផ្ទេរ​ប្រាក់

0

បាត់ដំបង​៖ កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ឆបោក (​យក​ប្រាក់​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​) ០១​ករណី និង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​មក​កាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​១៩​នាទី​។

យោង​តាម​របាយការណ៍​របស់ សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ១.​ឈ្មោះ ស៊ា​ន សុ​វត្ថ​ដា​នុ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​២.​ឈ្មោះ ជា សុ​ផារ​ត្ន័ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ប្រាក់​ពី ជន​រង​គ្រោះ​ឈ្មោះ ផល ឈង ភេទ​ស្រី អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣៨​នាទី នៅ​ចំណុច​ខាងលើ​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង​, ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​០១​ថង់​, ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា WY) ចំនួន​០១​កូន​ថង់​, ដែកកេះ​ចំនួន​០២, អំ​ពូ​ល​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០១, រថយន្ត ០១ គ្រឿង ម៉ាក TOYOTA Camry ពណ៌​ទឹកមាស បិទ​ស្គុ​ត​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1738 ។

ករណី​នេះ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ