បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យឈ្មោះ លៀង ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះ ព.ចធ ភេទស្រី អាយុ១៣ឆ្នាំ ពិតប្រាកដមែន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលពាក្យបណ្តឹងពីឈ្មោះ ថា សុថាន ភេទស្រី អាយុ៤១ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្ដៅ ជាតំណាងជនរងគ្រោះឈ្មោះ ព.ចធ ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតមណ្ឌល ត្រូវបានបុរសម្នាក់ចាប់រំលោភសេពសន្ថវៈនៅចំណុចក្រុមទី២៩ ស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ