ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានពីករណីឆ្លងប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួនទេនោះ។
លោកជំទាវបានព្រមានដូច្នេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ ព្រោះថាវីរុសកូវីដ-១៩នៅកម្ពុជា ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជាយើងទៅហើយៗ បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿនទៀតផង។ លោកជំទាវ បានពន្យល់ថា ៖ “ការចម្លងវីរុសកូវីដ-១៩ គឺតាមរយៈការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឬពីបុគ្គលម្នាក់ទៅបុគ្គលច្រើននាក់ ហើយនៅក្នុងបរិបទនៃការចម្លងរបស់អូមីក្រុងនេះទៀត ការចម្លងគឺកាន់តែលឿន មានន័យថាក្នុងរយៈពេល២ថ្ងៃ ទៅ៣ថ្ងៃយ៉ាងយូរ បើសិនជាមានបុគ្គល២នាក់វិជ្ជមាន ហើយមិនបានអនុវត្តវិធានការការពារខ្លួន ២ថ្ងៃក្រោយការចម្លងនឹងកើនទៅដល់បុគ្គល៤នាក់ ហើយ២ថ្ងៃក្រោយទៀត ការចម្លងនឹងកើនទៅដល់បុគ្គល៨នាក់។ ដូច្នេះហើយទើបកំណើនការឆ្លងវីរុសកូវីដ-១៩ មានកំណើនលឿន ដូចអ្វីដែលយើងបានឃើញទាំងអស់គ្នាហើយ ចាប់ពីករណីអូមីក្រុងទី១ គឺចាប់ផ្តើមពីមួយខ្ទង់ បន្ទាប់មកពីរខ្ទង់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានរហូតដល់បីខ្ទង់។ អញ្ចឹងមិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ”។
បន្ថែមពីនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “សូមកុំមើលស្រាលវីរុសកូវីដ-១៩ប្រភេទ អូមីក្រុង ព្រោះថាអត្រាឆ្លងកាន់តែច្រើន អត្រាសម្រាកពេទ្យក៏កាន់ខ្ពស់ មូលដ្ឋានសុខាភិបាលទប់ទល់លែងជាប់ ច្បាស់ណាស់អត្រាមរណភាពនឹងកើតមាន ហើយវីរុសប្រភេទអូមីក្រុងនេះ បានចាប់ផ្តើមផ្តាច់ជីវិតអ្នកជំងឺជាបណ្តើរៗហើយនៅជុំវិញពិភពលោក បើទោះជាកម្ពុជាមិនទាន់មានពិតមែន ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសនោះដែរ”។
ក្នុងឱកាសនេះផងដែរ លោកជំទាវក៏បានអំពាវនាវដ៏ទទូច និងជាថ្មី ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ដោយឡែកពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ មានប្រជាពលរដ្ឋចំនួន ១៣ ៨១៨ ១៤៧ នាក់ ក្នុងចំណោយប្រជាពលរដ្ឋសរុបទូទាំងប្រទេសចំនួន ១៦លាននាក់ បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន ហើយចំនួន ៥ ៤០៨ ៩២១ នាក់ បានទទួលវ៉ាក់សាំងដូសទី៣ និងក្រុមជួរមុខចំនួន ៧៩៥ ៨៤៣ នាក់ បានទទួលវ៉ាក់សាំងដូសទី៤៕
ប្រភព៖ ក្រសួងព័ត៌មាន