ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសឱ្យបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិដែលមានសម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អាចអញ្ជើញមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្ន ដោយឥតគិតថ្លៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានផលិត វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់សម្រាប់ចែកជូន បេក្ខជនដែលបាន ប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។
ប្រភពដដែលបានឱ្យដឹងទៀតថា ដូចនេះសូម លោក លោកស្រី ប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិត ឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ តទៅ។
ក្រសួងបញ្ជាក់ថា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកា គ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនទើបប្រឡងជាប់ ដើម្បីរៀបចំយន្តការចែកវិញ្ញាបនបត្របណ្ណោះអាសន្ន និងធ្វើសេចក្តីជូន ដំណឹងលម្អិតបន្ថែមសំដៅអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រាល់បាតុភាពទាំងឡាយណា ដែលកើតចេញពីការចែកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិនេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៕