ព្រះវិហារ៖ ចាត់ទុកជាមេរៀនជីវិតមួយដែលប្តី ឬប្រពន្ធគ្រប់រូបត្រូវតែមានការយល់ដឹងទាំងអស់គ្នា ទោះបីយើងបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្តតាមច្បាប់ក៏ដោយ ប៉ុន្តែបើច្បាប់មិនទាន់កាត់សេចក្តី ឬចេញសាលក្រមលែងលះទេនោះ ទាំងប្តី និងប្រពន្ធគឺមិនអាចមានសិទ្ធទៅរៀបការ ឬយកអ្នកថ្មីបានជាដាច់ខាត។
ជាក់ស្តែងរឿងរ៉ាងប្តីប្រពន្ធ មួយគូរនៅខេត្តព្រះវិហារ កំពុងតែធ្វើឲ្យញាតិមិត្តបងប្អូនខាងស្រីកើតទុក្ខមិនសុខចិត្ត ដោយសារមិនទាន់មានសាលដីកាលែងលះគ្នាពីតុលាការផង ខាងប្រុសហ៊ានទៅរៀបការជាមួយស្រីផ្សេង ជាហេតុធ្វើឲ្យអតីតប្រពន្ធដើមដាក់ពាក្យប្តឹងទៅតុលាការពីបទផិតក្បត់ទៅវិញ និងទាជំងឺចិត្ត៣ម៉ឺនដុល្លា។
យោងតាមពាក្យសុំលែងលះដោយមានការព្រមព្រៀង ដែលប្តីឈ្មោះ វិត គឹមសាន្ត អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ សី ធីតា អាយុ២០ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានដាក់ពាក្យចូលទៅតុលាការខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ គឺសុំឲ្យតុលាការចេញដីកាសម្រេចសុំលែងលះគ្នាតាមការព្រមព្រៀង ចំណែកកូនប្រុសតូចមួយប្រគល់ទៅឲ្យម្តាយជាអ្នកមានអំណាចមេបាតាមការព្រមព្រៀង។ ក្នុងពាក្យស្នើរសុំលែងលះដោយព្រមព្រៀងបានរៀបរាប់ថា៖ ពួកគេបានរៀបការពេញច្បាប់ជាមួយគ្នាតាំងពីឆ្នាំ២០១៩មកម្លះ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវដោយអាជ្ញាធរដឹងលឺ។ ពេលនេះបានឯកភាព និងព្រមព្រៀងលែងលះ ដោយហេតុផលរស់នៅមិនចុះសម្រុងគ្នា អស់ទំនុកចិត្តគ្នា និងតែងឈ្លោះគ្នាជាប្រចាំឲ្យតែបុរសជាប្ដីចូលផ្ទះពេលណាដេញប្រពន្ធទៅដាក់ពាក្យសុំលេងលះដោយបង្ខំផ្ដិតមេដៃនៅតុលាការផងដែរ។
ស្របពេលជាមួយពាក្យព្រមព្រៀងលែងលះគ្នាមិនទាន់សម្រេចពីតុលាការផង ភាគីខាងប្តីបានទៅរៀបការជាមួយស្រីថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ដែលជាហេតុធ្វើឲ្យអតីតប្រពន្ធ និងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត រហូតដាក់ពាក្យប្តឹងទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ ពីបទផិតក្បត់ និងបានទាមទាជំងឺចិត្តចំនួន៣ម៉ឺនដុល្លាផងដែរ។
ដោយឡែកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ក៏បានចេញដីកាកោះហៅអតីតប្តីឲ្យចូលខ្លួនមកបំភ្លឺ លើករណីបណ្តឹងរបស់អតីតប្រពន្ធ ដែលបានប្តឹងពីបទផិតក្បត់ចោលប្រពន្ធ និងកូនទៅរៀបការជាមួយស្រីថ្មីនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ។
លើករណីនេះអតីតប្រពន្ធដើម សី ធីតា និងក្រុមគ្រួសារសូមសំនូមពរដល់លោកព្រះរាជអាជ្ញា រកយុធត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំផង នេះចាត់ទុកជាមេរៀនមួយសម្រាប់ប្តី-ប្រពន្ធគ្រប់រូប បើមិនទាន់មានសាលក្រមតុលាការចេញឲ្យលែងលះគ្នាដាច់ស្រេច មិនគួរហ៊ានសម្រេចចិត្តទៅរៀបការជាមួយអ្នកថ្មី ដែលនាំឲ្យមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់យើងនោះទេ៕
ប្រភព៖ សហការី