ចាប់​បាន​ជនសង្ស័យ ៤​នាក់ ជា​សិស្សសាលា ក្រោយ​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​យក​ម៉ូតូ

0

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ការ​ប្រើ​អំពើ​ហិង្សា​(​ធាក់​ផ្តួល​យក​ម៉ូតូ​) ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន ។

ករណី​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​១៥​នាទី ត្រង់​ចំណុច​ក្បែរ​ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ អោម សំបូរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្តាល​ស្តឹង ខេត្តកណ្តាល ។

ជនសង្ស័យ​០៤​នាក់ ៖ ១-​ឈ្មោះ គុ​ជ រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស នៅផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​៥ បុរី​ពិភព​ថ្មី​កួរស្រូវ​២ ស្ថិត​នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ចាន់ ស៊ី​យាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ទូច អេ​ន​ថូ​នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ គ្រី​ស ឈិ​ត​វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ស្កូ​ពី​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IR-7215 ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កៀរ​ធាក់​ផ្តួល​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

បច្ចុប្បន្ន ជន​សង្ស័យ​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី ៕