គ្រាន់តែ​ឆ្នាំ​២០២១! សមត្ថកិច្ច​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ បាន​ថវិកា​ជិត ៥​លាន​ដុល្លារ

0

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ សមត្ថកិច្ច នគរបាល បាន​ហៅ​យានយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាង​២​លាន​គ្រឿង ដើម្បី​ធ្វើការ​ពិនិត្យ ដោយនៅ​ក្នុង​នោះ មាន​ជាង​២២​ម៉ឺន​គ្រឿង ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ពិន័យ​ជា​ប្រាក់​ជាង​១៩​ពាន់​លាន​រៀល ឬ​ស្មើ​ជិត​៥​លាន ដុល្លារ​អា​មេ​រិ​ក​។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ យុន ឈុ​ន្នី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប ការងារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​នេះ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​យានយន្ត​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងនេះ គឺ​មាន​ទោចក្រយានយន្ត​(​ម៉ូតូ​)​ជាង​១៦​ម៉ឺន​គ្រឿង ស្មើ​៧៥​ភាគរយ និង​រថយន្ត​ជាង​៥​ម៉ឺន​៤​ពាន់​គ្រឿង ស្មើនឹង​២៥​ភាគរយ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​នគរបាល នឹង​អនុវត្ត​ចំពោះ​យានយន្ត​ដែល​នៅ​បន្ត​ប្រ​ពឹត្ត ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ទាំង​ការ​ពិន័យ​ជា​ថវិកា និង​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បន្ត​ថា បច្ចុប្បន្ន ក្រសួង​បាន ទិញ​ឧបករណ៍​ស្កេ​ន​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ បាន​ចំនួន​៣០០​គ្រឿង​រួច​ហើយ និង​គ្រោង​ទិញ​២៥០​គ្រឿង​ទៀត ដើម្បី​ផ្តល់​ដល់​មន្ត្រី នគរបាល​ចរាចរណ៍ បន្ទាប់​ពី​កម្មវិធី​កាត់​ពិន្ទុ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​បាន​ដំឡើង​រួចរាល់ និង​កំពុង​សាកល្បង​លើ​ការ ប្រើប្រាស់​ដូច​ជា ស្កេ​ន​លើ​បទល្មើស​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ផ្ទុក​មនុស្ស​លើស​កំណត់ ឬ​ល្មើស​ភ្លើង​សញ្ញា ជាដើម ទទួល​បាន​ជោគជ័យ​១០០​ភាគរយ​។

យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បាន​កំណត់​ឱ្យ​គ្រប់​បណ្ណ​បើកបរ ត្រូវ​មាន​ពិន្ទុសរុប​១២​ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ ត្រូវ​កាត់ បន្ថយ​ទៅ​តាម​ស្ថាន​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​ចាប់ពី​១​ពិន្ទុ​ដល់​៦​ពិន្ទុ ហើយ​ក្នុង​ករណី​អស់​ពិន្ទុ គឺ​បណ្ណ​បើកបរ​ត្រូវ​ទុក ជា​មោឃៈ បើ​អ្នកបើកបរ​ចង់បាន​បណ្ណ​បើកបរ​ថ្មី ត្រូវ​រៀន​និង​ប្រឡង​យក​បណ្ណ​បើកបរ​ឡើង​វិញ ក្នុង​រយៈពេល​យ៉ាងតិច​៦​ខែ គិត​ចាប់ ពី​ថ្ងៃ​ដែល​បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោឃៈ​៕