សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ករណី​ខាង​សណ្ឋាគារ​ដកហូតអ​ត្ត​សញ្ញាណ​ប័ណ្ណ​បុគ្គលិក​មិន​ព្រមអោយ

0

ភ្នំពេញ ៖ ក្រុមការងារ​ប្រចាំ​បញ្ជា ១១៧ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​វេលា​ម៉ោង​១០​និង​៥៩​នាទី ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៧ ពី​ឈ្មោះ គឹ​ម នី ភេទ​ប្រុស មុខរបរ​បុគ្គលិក​សណ្ឋាគារ ថា​ខាង​សណ្ឋាគារ​ដកហូត​យក​អត្តសញ្ញាណប័ណ្ណ​ទុក​មិន​ព្រម​ប្រគល់​ជូន​គាត់​វិញ ស្ថិត​នៅ​ភូមិ​ខ្សាច់ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ទទួល​ព័ត៌មាន​ពី​បុរស​ខាងលើ​រួច​មក ក្រុមការងារ​ប្រចាំ​បញ្ជា (១១៧) នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​វរសេនីយ៍ត្រី កែវ ចាន់​ថន នៅ​វេលា​ម៉ោង​១០​និង​៥៩​នាទី បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​លោកស្នងការ​រង ហួត ស្រី ដើម្បី​ចុះ​អន្តរាគមន៍​បន្ទាន់ ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​អធិការ តី វិសាល បាន​ចុះ​ដល់​កន្លែង​កើតហេតុ បាន​ជូន​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង រួច​ក៏​ដឹក​ជន​រង​គ្រោះ​ទៅ​ជួប​អ្នក​ទទួលខុសត្រូវ​សណ្ឋាគារ អ្នក​ទទួលខុសត្រូវ​សណ្ឋាគារ​បាន​បញ្ជាក់​ថា​៖ ខាង​សណ្ឋាគារ​មិន​បាន​ដក​យក អត្តសញ្ញាណប័ណ្ណ​របស់​ជន​រង​គ្រោះ​ទេ គឺ​មិត្ត​ភ័​ក្រ​គាត់​ម្នាក់​ទៀត​បាន​ឈប់​ធ្វើការ​មិន​យក​ទៅ​បាត់ ជាមួយនឹង​ឯកសារ​មួយ​ចំនួន​ទៀត រួច​ទាក់ទង​លែង​បាន​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​សំណូមពរ​ភាគី​សណ្ឋាគារ​សុំ​ជួយ​គាត់ ៧០​ដុល្លា ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ហើយ​ភាគី​សណ្ឋាគារ​ក៏​យល់ព្រម ហើយ​ជន​រង​គ្រោះ​ក៏​សុំ​ដក​ពាក្យបណ្ដឹង​។ ករណី​នេះ​បាន​បញ្ជ​ប់​នៅ​វេលា​ម៉ោង ២០ និង​១៣ ថ្ងៃ​ទី​០១ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ។

ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​នៅ​គ្រប់​កាលៈទេសៈ សូម​ទំនាក់ទំនង​មក​កាន់​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៧ (​ដោយ​ឥត​គិតថ្លៃ​) យើងខ្ញុំ​នឹង​រក្សា​ការ​សម្ងាត់ និង​ធានា​សុវត្ថិភាព​ជូន និង​ពិនិត្យ​លទ្ធភាព​ដើម្បី​អន្តរាគមន៍​ដោះស្រាយ​ជូន​ទាន់​ពេលវេលា ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ