ភ្នំពេញ៖ នារីម្នាក់ឈ្មោះ ភុល ថងណា ដែលជាម្ចាស់អាខោនហ្វេសប៊ុក Na Thorng បានចូលទៅខមិនថា (ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់) ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង ហេីយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Na Thorng ដែលបានសរសេរថា (ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់) ដែលជាករណីអគ្គិភ័យខាងលេីនេះ កេីតឡេីងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Na Thorng ដែលបានសរសេរបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
ប៉ុន្តែ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ភុល ថងណា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ