ស្រវឹង​ថ្នាក់​ភ្នែក ជិះ​ម៉ូតូ​បុក​បង្គោល​សញ្ញា​ចរាចរណ៍

0

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​បើក​ម៉ូតូ​បុក​បង្គោល​សញ្ញា​ចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ទល់មុខ​អនុ​វិទ្យាល័យ​តា​បែន​ក្នុងភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ ។

នគរបាល​ស្រុ​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី ឃុំ​ឈ្នួ​រ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ស្លាបកំភេម ស៊េរី​ឆ្នាំ​២០០៣ គ្មាន​ស្លាក​លេខ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ច​យ ខី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រិច​ត្បួ​ង ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ក្នុង​ស្ថានភាព​ស្រវឹង បើក​លឿន​និង​ចាំង​ភ្លើង​ឡាន​បញ្ច្រាសទិស ។ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​បុក​ជាមួយ​បង្គោល​សញ្ញា​ចរាចរណ៍ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក ។ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​នគរបាល​បាន​ពិនិត្យ​រួច ៕