ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:៣០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយក្រោយយុវជន ២នាក់ បានគំរាមវាយម្ចាស់រថយន្តមួយគ្រឿង ក្រោយកិនកូនឆ្កែរបស់ខ្លួនងាប់ នៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើ ខណៈជនសង្ស័យទាំង ២នាក់ បានដឹកកូនឆ្កែមួយតាមរ៉ឺម៉ក ហើយមកដល់ចំណុចខាងលើកូនឆ្កែបានលោតចេញពីលើរ៉ឺំម៉ក ចូលក្រោមកង់រថយន្តម៉ាកតាកូម៉ា ពាកស្លាកលេខកណ្តាល 2B-4012 បណ្តាលអោយកិនស្លាប់តែម្តង។
បន្ទាប់មកជនសង្ស័យបានខឹងនឹងជនរងគ្រោះជាម្ចាស់រថយន្តយ៉ាងខ្លាំង ដោយបានយកដុំថ្មគុំត្រូវស្តប់រថយន្ត និងដកយកសោររថយន្តជិះចេញទៅបាត់។ មួយសន្ទុះក្រោយមកបានត្រលប់មកវិញ ដោយយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ និងប្រជាពលរដ្ឋនៅទីតាំងខាងលើ ដែលបានជួយជនរងគ្រោះ រហូតភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីធ្វើការកសាងសុំណុំរឿងបញ្ជូលទៅធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕