ដកហូត​ពពុះសណ្តែក និង​បបែល​ក្រៀម​ចំនួន ៩.៨​គីឡូក្រាម ដែល​មិន​មាន​អនុលោម​ភាព

0

ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រុង​សៀមរាប និង​ស្រុក​ពួក ខេត្តសៀមរាប ស្រុក​កំចាយមារ ខេត្តព្រៃវែង មន្ត្រី ក​.​ប​.​ប​. ប្រចាំ​នៅ​ខេត្ត​ទាំង​៣ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​ម្ហូបអាហារ ក៏​ដូច​ជា​ទំនិញប្រើប្រាស់​នានា នៅ​តាម​ទីផ្សារ​ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ និង​ដកហូត​នូវ​ទំនិញ​មិន​មាន​អនុលោម​ភាព​ប្រភេទ​ពពុះសណ្តែក និង​បបែល​ក្រៀម​ចំនួន ៩.៨​គីឡូក្រាម រួម​ទាំង​ភេសជ្ជៈ​ចម្រុះ នំ​ចម្រុះ គ្រឿងសម្អាង​ពុំ​អនុលោម​តាម​បទដ្ឋាន​ព័ត៌មាន និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ទៀត សរុប​ចំនួន ២៨៨.៧៧​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ​ចំនួន​១​កាន​ផង​ដែរ​។

ចំពោះ​ទំនិញ​ដែល​មិន​មាន​អនុលោម​ភាព​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ ក​.​ប​.​ប​. ដកហូត​យក​មក​រក្សា​ទុក ដើម្បី​រៀបចំ​នីតិវិធី​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ ដោយឡែក​អាជីវករ​ដែល​ប្រព្រឹត្ត​ល្មើស ត្រូវ​បាន​ទទួល​ការ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​ទទួល​ការ​ពិន័យ​អន្តរការណ៍​ស្រប​តាម​ច្បាប់​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF