បាត់ដំបង ៖ អនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីរំលោភលើទំនុកចិត្ត (យកម៉ូតូតាមបណ្ដាញសង្គមហ្វេសប៊ុក) ០១ករណី ដោយឃាត់ខ្លួនបុរសម្នាក់ ។
ប្រតិបត្តិការនេះសមត្ថកិច្ចធ្វើថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំមានទី លំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតរួមមាន ៖ -កូនសោរម៉ូតូចំនួន ០៥ -ស៊ីមកាតចំនួន ០៤ -បណ្ណ័បើកបរចំនួន ០១សន្លឹក -ស្លាកលេខម៉ូតូចំនួន ០៧សន្លឹក -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ សៀមរាប 1AK-2419 – ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលើតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ ទៅជនរងគ្រោះថារូបគេជាគ្រូពេទ្យទាហានប្រចាំការនៅភ្នំពេញ រហូតដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវ៉ាក់សាំងសម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ដំបង ។
រហូតដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះតាមឆាត ថារូបគេមកដល់ខេត្តបាត់ដំបងហើយនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ។ ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-6850 ចេញពីផ្ទះមករកទិញថ្នាំលេបផង ក៏មកជួបជនសង្ស័យនៅចំណុចមុខពេទ្យ ។ នៅពេលជួបគ្នាជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះជូនទៅរកកន្លែងហូបបាយ ។ នៅពេលជូនទៅដល់កន្លែងហូបបាយ ជនសង្ស័យប្រាប់ជនរងគ្រោះថា មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហើយពេលនោះជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដេីម្បីជិះទៅយកថ្នាំ។ ពេលនោះជនរងគ្រោះបានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង្ស័យហើយជនសង្ស័យបានជិះម៉ូតូនោះទៅបាត់រហូត ។ ដោយរង់ចាំបាត់យូរពេកមិនឃើញជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះមានការសង្ស័យថា រូបគាត់ពិតជាចាញ់បោកជនសង្ស័យ ក៏បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដើម្បីធ្វើការស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពដូចខាងលើនេះចំនួន០៤លើកមកហើយ គឺនៅក្នុងខេត្តឧត្តរមានជ័យចំនួន ០២លើក និង នៅក្នុងខេត្តពោធិ៍សាត់ចំនួន ០២លើក តែលើកចុងក្រោយនេះធ្វើសកម្មភាពនៅខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្ក្រាបបានតែម្តង ។
ករណីនេះ កម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។ ចំណែក រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញផងដែរ ៕