ភ្នំពេញ៖ ក្រុមចោរបានឆក់យកកាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យដួលរងរបួសធ្ងន់ម្នាក់ទៀតហើយនៅមុខព្រលានយន្តហោះភ្នំពេញ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវសហព័ន្ធរុស្ស៊ីមុខព្រលានយន្តហោះក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះអូង ស្រីពៅ អាយុ៥៤ឆ្នាំនៅភូមិទន្លេនាម ស្រុកអង្គជ័យខេត្តកំពត។ស្ត្រីរូបនេះជិះម៉ូតូម៉ាក Zoomer X ចេញពីខេត្តកំពតមកលេងកូននៅភ្នំពេញម្តុំផ្សារឌុយម៉ិចដោយដឹកអង្ករយកមកផ្ញើកូនផង។ គាត់ជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីស្រាប់តែមានចោរ២នាក់ជិះម៉ូតូមកក្បែរហើយឆក់យកកាបូបទៅបាត់បណ្តាលឱ្យម៉ូតូដួលរូបគាត់បានរងរបួស។ក្នុងកាបូបមានលុយ៥០ម៉ឺនរៀល,ក្រវិលប្លាកទីនមួយគូនិងខោអាវ២កំផ្លេ។ ចំណែកអង្ករដែលដឹកផ្ញើកូននោះបានកំពប់ខ្ចាយពេញផ្លូវ។
គួររំលឹកថា ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនៅមុខព្រលានយន្តហោះនេះដែរក្រុមចោរបានឆក់កាបួបបណ្តាលឱ្យស្ត្រីម្នាក់ដួលម៉ូតូរងរបួសធ្ងន់ដឹកទៅមន្ទីរពេទ្យបាន៤ថ្ងៃក្រោយស្ត្រីរងគ្រោះបានស្លាប់៕
ប្រភព៖ សហការី