បន្ត​រក​ឃើញ​បង្គា​ស្រស់ មាន​ចាក់​ចាហួយ​នៅ​ក្បាល​បង្គាបន្ថែមទៀត

0

កំពត​៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ ក្រោម​ការ​សម្របសម្រួល​ពី​លោក ឈា​រី ម៉ា​រូ ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្តកំពត មន្ត្រី ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន​០៣ ផ្ទុក​បង្គា​ស្រស់ បង្គា​ក្រៀម និង​មឹក​ក្រៀម ដែល​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់ និង​ឃាត់​ទុក​នៅ​មុខ​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់ត្រាច និង​អធិការដ្ឋាន​ស្រុក​ឈូក​។ តាម​រយៈ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ឃើញ បង្គា​ស្រស់​ចំនួន​២​កេស​បន្ថែម​ទៀត ស្មើនឹង ២០​គីឡូក្រាម មាន​ចាក់​សារធាតុ​ចាហួយ​នៅ​ក្នុង​ក្បាល​បង្គា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ មន្ត្រី ក​.​ប​.​ប​. សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ៥​គ្រឿង​រួច​មក​ហើយ ដោយ​បាន​រក​ឃើញ​បង្គា​សរុប​ចំនួន ៦,២៦៨​គីឡូក្រាម មាន​ចាក់​បញ្ចូល​គីមី​ទៅ​ក្នុង​ក្បាល​បង្គា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF