កំពង់ស្ពឺ៖ នៅថៃ្ងទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥នឹង៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមផ្លូវល្បឿនលឿន ស្ថិតនៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង និងបានឃាត់ក្មេងទំនើង៤នាក់ ដែលបានធ្វើសកម្មភាព បង្ហោះម៉ូតូ និងជិះប្រណាំងគ្នា ដោយថតជាវីដេអូបង្ហោះ ចែកចាយផ្សព្វផ្សាយក្នុងបណ្ដាញសង្គម tik tok។
ក្មេងទំនើង៤នាក់រួមមានទី១-ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង, ទី២-ឈ្មោះ អ៊ុន ផារីម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន, ទី៣-ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន និងទី៤-ឈ្មោះ លឹម ណាន ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន។
សមត្ថកិច្ចដកហូតៈ ម៉ូតូចំនួន៣គ្រឿងម៉ាកវ៉េវ គ្មានផ្លាក លេខ ម៉ូតូ កែច្នៃ បំពង់ស៊ីម៉ាំងប្រ៊ែន ខុសលក្ខណៈ បច្ចេកទេស។ បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរបំពេញនីតិវិធីនិងចំណាត់ការប្រគល់ជូនអាណាព្យាបាល យកទៅអប់រំគ្រប់គ្រងបន្ដ៕