ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥) ។
ករណីនេះបានកើតឡើងនៅចំណុចការ៉ាស់ទទួលផ្ញើ និងលាងរថយន្ត ផ្លូវ៦៩BT ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧ម៉៣០នាទី ។
ជនសង្ស័យឈ្មោះ សោ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត ។ ចំណែកជនរងគ្រោះឈ្មោះ សាន្ត សៀប ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ជាមេការ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងការ៉ាស់ទទួលផ្ញើ និងលាងរថយន្ត ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្តខាងលើ ជនសង្ស័យ បានយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA-2578 ជារបស់ជនរងគ្រោះឈ្មោះ សាន្ត សៀប ដោយប្រាប់ថាជិះទៅទិញបាយហូប តែបាត់មិនឃើញត្រឡប់មកវិញ ។ ទើបនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ សាន្ត សៀប បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឲ្យជួយស្រាវជ្រាវរក ។
សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សោ ម៉ៅ និងចាប់យកវត្ថុតាង(ម៉ូតូម៉ាកសេ១២៥ជារបស់ជនរងគ្រោះ) នៅចំណុចក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធី ។
នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ សោ ម៉ៅ សមត្ថកិច្ចបានដកហូត ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA-2578 (ជារបស់ជនរងគ្រោះ) ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សោ ម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕