ក្រចេះ៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១២និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៨២-២៨៣ ភូមិថ្នល់ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើករបរដោយឈ្មោះ សាត ឡាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបានបត់ឆ្វេង ហើយត្រូវរថយន្តម៉ាក ធុនដ្រា ពណ៌ត្រាវ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-0193 បុកពេញទំហឹង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច។ មូលហេតុ៖ បត់គ្រោះថ្នាក់។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានបើកគេចចេញពីកន្លែងកើតហេតុយករថយន្តទៅផ្លុងចោល នៅចំណុចភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នសមត្ថកិច្ចតាមស្រាវជ្រាវ បានរកឃើញរថយន្តវិញ។ វត្ថុតាង៖ រថយន្តខូចខាតស្រាល០១គ្រឿង និងម៉ូតូខូចខាតធ្ងន់០១គ្រឿង បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ