ក្រសួង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ប្រតិបត្តិ​ករ ដែល​ពុំ​បាន​កែ​លម្អ​គុណភាព​សេវា​អ៊ីនធឺណិត និង​សេវា​ទូរ​សព្ទ​របស់​ខ្លួន

0

ភ្នំពេញ​៖ ដើម្បី​ឆ្លើយ​តប នឹង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ អំពី​បញ្ហា​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត និង​អុ​ី​ន​ធឺ​ណិ​ត នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អុ​ី​ន​ធឺ​ណិ​ត និង​ប្រជាពលរដ្ឋ​នៅ បុរី ប៉េង​ហួត ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ មាន​ដូច​ជា​ក្រុមការងារ​ពង្រឹងគុណភាព​នៅ​តាម​បុរី​ទាំង​៨​ក្រុម​របស់​ក្រសួង ម្ចាស់​បុរី ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អុ​ី​ន​ធឺ​ណេ​ត ប្រតិបត្តិ​ករ​សាងសង់​បង្គោល​អង់​តែ​ន និង​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្នុង​បុរី​ប៉េង​ហួត​។

ឯកឧត្ដម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​សេវា​ទូរ​សព្ទ​ចល័ត បានឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើការ ការ​ប្រកប​អាជីវកម្ម ក៏​ដូច​ជា​ការ​សិក្សា​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​។ បញ្ហា​គុណភាព​សេវា​នេះ មាន​ជា​ច្រេ​ី​ន​ឆ្នាំ​មក​ហេ​ី​យ ជា​ពិសេស​នៅ​ពេល​មានកំ​ណេ​ី​ន​លំនៅ​ឋាន និង​ប្រជាពលរដ្ឋ​។ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បំពាក់​ឧបករណ៍​វាស់​ស្ទង់​គុណភាព​សេវា បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ផ្ទាល់​នៅ​តាម​បុរី និង​សហការ​ជាមួយ​ម្ចាស់​បុរី ព្រមទាំង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​នីមួយ​ៗ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព និង​ពង្រឹងគុណភាព​សេវា​ទូរ​សព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត​ឱ្យ​បាន​ល្អ​ប្រ​សេ​ី​រ​។ ក្នុង​នោះ​ផង​ដែរ​ក្រុមការងារ​នឹង​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែម​ជា​ច្រើន​ទៀត ហើយ​ត្រូវ​មាន​ប្រតិបត្តិ​ករ​ចំនួន ៣​ប្រើប្រាស់​រួម​គ្នា​លើ​បង្គោល​មួយ ដែល​មាន​ទម្រង់​ជាដើម​ឈើ ប្រកបដោយ​សោភ័ណ​ភាព​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លេ​ី​ក​ឡេ​ី​ង​ពី​វឌ្ឍនភាព​សមិទ្ធផល កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​ផ្តល់​សេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាយ​ពេលវេលា​លើក​ជា​សំណួរ ក៏​ដូច​ជា​ច​ម្ង​ល់​ផ្សេង​ៗ ព្រមទាំង​សន្យា​ថា​នឹង​ត្រលប់​មក​ទីតាំង​ដដែល​នេះ​វិញ ក្នុង​រយៈពេល ៣​ខែ​ក្រោយ ដើម្បី​ពិនិត្យ​មើល​គុណភាព​សេវា​អ៊ីនធឺណិត និង​សេវា​ទូរ​សព្ទ​ទាំងអស់ ហើយ​ប្រសិនបើ​ពុំ​មានការ​កែ​លម្អ​គុណ​ភា​ពសេវា​ទាំង​អស់នេះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍