ចាប់​បាន​ជន​ដៃដល់​កាប់​គេ​ស្លាប់ ព្រោះ​ទំនាស់​ក្នុង​វង់​ផឹកស៊ី

0

ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​១០​នាទី នៅ​ចំណុច​មុខ​វត្ត​ទួល​រគាំង ស្ថិត​ក្នុងភូមិ​ទួល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន មាន​ករណី​ហិង្សា​ដោយ​ចេតនា​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ផ្តើម​ចេញពី​ទំនាស់​ក្នុង​វង់​ផឹកស៊ី ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព ។

លោក​វរសេនីយ៍ឯក នាង វុ​ធ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ពី​ការ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ខាងលើ នៅ​វេលា​ម៉ោង​២០​និង​០៦​នាទី ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ ញ៉ុ​ម អាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រាវ និង​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាម ឃាត់ខ្លួន​បាន​ហើយ ។

លោក​អធិការ​បន្ត​ថា ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ និង​រក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស លោក​បាន​ដឹកនាំ​កម្លាំង​នៃ​អធិការដ្ឋាន ចុះ​ទៅ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​បាកាន និង​បាន​បន្ត​រុករក​វត្ថុ​តាង គឺ​កាំបិត​ដែល​ជនសង្ស័យ​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព ហើយ​បាន​យក​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក នៅ​ភូមិ​ឧកញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ