ក្តៅ​ៗ សមត្ថកិច្ច​បំបែកសំណុំរឿង​ចាក់​សម្លាប់​ស្ត្រីជន​ជាតិចិន នៅ​ខណ្ឌដង្កោ​ហើយ

0

ស្វាយ​រៀង​៖ សំណុំរឿង​ចាក់​សម្លាប់​ស្ដ្រីជន​ជាតិចិន នៅ​ខណ្ឌដង្កោ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ជន​ដៃដល់​នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​។

ហេតុការណ៍​អំពើ​ឃាតកម្ម​លើ​ស្ដ្រីជន​ជាតិចិន​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​រោងចក្រ​គោល​ដេ​ន​ហ្គ្រេ​ស ស្ថិត​ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។

ជន​ដៃដល់​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​បាន​នេះ ឈ្មោះ សាវ វិ​ន (XIAO WEN) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ប្រធាន​ផ្នែក​ដេរ កាន់​លិខិតឆ្លងដែន​លេខ EO1271955 ស្នាក់​នៅ​ក្នុង​រោងចក្រ​គោល​ដេ​ន​ហ្គ្រេ​ស​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឌៀង លី (DING LI) ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EF5967276 មុខរបរ​ប្រធាន​រោងចក្រ ស្នាក់​នៅ​ក្នុង​រោងចក្រ​គោល​ដេ​ន​ហ្គ្រេ​ស ស្ថិត​នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ