ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​០៨:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី ឆក់​កាបូប នៅ​ចំណុច​មុខ​ហាង​គុយទាវ​កូន​ហេង ក្បែ​ផ្សារ ធី​ខេ (TK) តាម​ផ្លូវ​៥១៦ កែង​៣១៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ ៖
១-​វ៉ា វី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ទួល​ទំពូង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មានស្រុក​កំណើត នៅ​ភូមិ​ទួល​កណ្តាល ឃុំ​កោះ​២ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​។

២-​ញ៉ែ​ម រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់​នៅផ្ទះ​ជួល ម្តុំ​បឹង​កក់​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ពួក​ខ្លួន និង​បក្ខពួក​០៣​នាក់​ផ្សេង​ទៀត ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ នៅ​ចំណុច​ហាង​គុយទាវ​កូន​ហេង ម្តុំ​អង់​តែ​ន​ទួល​គោក ផ្លូវ​៥១៦ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ពិតប្រាកដ​មែន​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ពួក​ខ្លួន និង​បក្ខពួក បាន​ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូវ​កូនប្រុស​របស់​ជន​រង​គ្រោះ​ជិះ​រថយន្ត​ដេញ​តាម​ពីក្រោយ ស្រប​ពេល​នោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្បែរ​នោះ ក៏​ឃាត់​ពួក​ខ្លួន​បាន​០២​នាក់​ភ្លាម​ៗ រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Dream C125 ព​ណ៍​ខ្មៅ​សេរី​២០១៧ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1B3929 ចំណុច​ផ្លូវ​៣១៥ កែង ៥២៨ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បី​ធ្វើ​សាកសួរ​តែ​ម្តង​។

ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​កំពុងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។ ហើយ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ក៏​បាន​ប្រគល់​កាបូប ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ​។ ជនសង្ស័យ​ទាំង​០២​នាក់ បាន​យក​សំណាក​រួច​ដោយ​ប្រើ​ឧបករណ៍​តេស​រហ័ស Rapit Test លទ្ធផល​អវិជ្ជមាន​កូ​វីត​១៩​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ Phnom Penh Gendarmerie