ឃាត់​ជនជាតិ​ចិន ២​នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត

0

ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត ,​កាន់កាប់​រក្សា​ទុក ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ប៉ុនប៉ង​ចាប់ជំរិត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​២០​នាទី មាន​ជនសង្ស័យ ០២​នាក់ ជា​ជនជាតិ​ចិន ភេទ​ប្រុស ១-​ឈ្មោះ JIANG FENG ,២-​ឈ្មោះ BAO JIE បាន​ទៅ​ជួប​អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់​មាស ស្ថិត​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ពេល​ទៅ​ដល់​ជនសង្ស័យ​ទាំង ០២​នាក់ សុំ​ចូល​ធ្វើការ​នៅ​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់​មាស ដោយ​ពួក​គេ បាន​សុំ​ខ្ចី​លុយ​ពី​អ្នកគ្រប់គ្រង ក្នុង​ម្នាក់ ១៨,០០០$ (​មួយ​ម៉ឺន​ប្រាំបី​ពាន់​)​ដុល្លារ​អា​មេ​រិ​ក សរុប​ចំនួន ៣៦,០០០ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​)​ដុល្លារ​អា​មេ​រិ​ក ។

សមត្ថកិច្ច​បន្ត​ថា លុះ​ក្រោយ​ពេល​អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ ខ្សាច់​មាស បាន​វេរ​លុយ​ឲ្យ​ជនសង្ស័យ​ទាំង​០២​នាក់​រួច​មក ស្រាប់តែ​ជនសង្ស័យ​ទាំង ០២​នាក់ ព្យាយាម​ចាប់ខ្លួន​អ្នកគ្រប់គ្រង​រូប​នោះ ដោយ​ជនសង្ស័យ​ឈ្មោះ JIANG FENG យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាលពោះ​ជន​រង​គ្រោះ ។ រីឯ​ជនសង្ស័យ​ឈ្មោះ BAO JIE ចាប់​ក្រៀក​ក ខណៈនោះ​ក៏​ត្រូវ​បាន​សន្តិសុខ និង​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់​មាស​ឃើញ ក៏​បាន​ចូល​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ទាំង ០២​នាក់ ។ ដោយ​ឃើញ​សភាពការណ៍​មិនសូវ​ស្រួល ជនសង្ស័យ​ឈ្មោះ JIANG FENG បាន​ទាញ​កាំភ្លើងខ្លី​បាញ់​សំដៅ​ទៅ​សន្តិសុខ និង​បុគ្គលិក ០១​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​សន្តិសុខ​ជនជាតិ​ចិន​ម្នាក់ រង​របួស​ត្រង់​ក្បាលពោះ បៀម​គ្រាប់​ជាប់​ខាងក្នុង បន្ទាប់​មក​ជនសង្ស័យ​ទាំង ០២​នាក់ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​អន្តរាគមន៍​ពិសេស ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​១៤​និង​៣០​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ឈ្មោះ BAO JIE រីឯ​ជនសង្ស័យ ០១​នាក់​ទៀត ឈ្មោះ JIANG FENG ជា​ជន​ដៃដល់ បាន​រត់គេច​ខ្លួន ដោយ​យក​កាំភ្លើងខ្លី​ទៅ​ជាមួយ ។

បន្ទាប់​មក កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បន្ត​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ JIANG FENG ។ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០២១ វេ​ល​ម៉ោង​១៦​និង​៣០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ JIANG FENG ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន​នៅ​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អ៊ុ​ង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​កាំភ្លើងខ្លី ០១​ដើម ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ម្តុំ អ៊ិ​ល​វី​ចាស់ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ ប៉ុនប៉ង​ចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់​មាស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ រង​របួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ០១​គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ សន្តិសុខ​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់​មាស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន ៖ -​កាំភ្លើងខ្លី ០១​ដើម ម៉ាក ZORAKI M906-TD ពណ៌​ទឹកប្រាក់​-​ខ្មៅ មាន​លេខ​សម្គាល់ៈ 000168, -​បង់​កាំភ្លើង ០១ មាន ០៥​គ្រាប់​,-​បំពង់​ផ្ទប់​សម្លេង (​ស៊ី​ឡង់​) ០១ ពណ៌​ខ្មៅ​, -​ខ្នោះដៃ ០២​គូ​, -​ពិល​ឆក់ ០១​គ្រឿង និង -​ស្កុ​ត ០១​ដុំ ។

ចំពោះ​ជនសង្ស័យ​ខាងលើ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ