បង្ក្រាប់​ទីតាំង​ផលិត​កែ​ច្នៃ លក់​ចែកចាយ​ផលិតផល​សំអាង​កាយ និង​ឱសថ​សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន ០២​កន្លែង

0

ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផលិត កែ​ច្នៃ លក់​ចែកចាយ​ផលិតផល​សំអាង​កាយ​និង​ឱសថ​សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​បាន​រក​ឃើញ​និង​ដក​វត្ថុ​តាង​គ្រឿងផ្សំ​ផលិត និង​ឱសថ​ជា​ច្រើន​ដែល​សង្ស័យ​ក្លែងក្លាយ​មាន​ហានិភ័យ​បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

ករណី​ទី​១- នៅ​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ អាជ្ញាធរ​មូលដ្ឋាន ដែល​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផ្ទះ​លេខ​៣៩ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ដែល​ទីតាំង​នេះ​សង្ស័យ​ផលិត កែ​ច្នៃ លក់​ចែកចាយ ផលិតផល​ថែរក្សា​សម្រស់​គ្មាន​ស្តង់ដារ និង​ខុសច្បាប់ ។

ក្នុង​ប្រ​តិ​ប​តិ្ត​ការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ដកហូត​វត្ថុ​តាង​សរុប​ចំនួន​២៣​មុខ​ច្រក​ក្នុង​កំប៉ុង​រួម​មាន ៖ ពន្លៃ​សូន្យ​ទឹកឃ្មុំ​, រមៀត​សូន្យ​ទឹកឃ្មុំ​, ពន្លៃ​រមៀត​,​ស្ក្រា​ប់​កាហ្វេ​, ស្ក្រា​ប់​អំពិល​, ស្ក្រា​ប់​ពន្លៃ​រមៀត​ទឹកដោះគោ​, គល់​ស្លឹក​ក្រី​ស្ងួត​, ផ្លែ​ក្រូចសើច​ចិត​ហើយ​, ស្ទីក​គ័​រ និង​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​បម្រើ​ឱ្យ​ការ​ផលិត កែ​ច្នៃ ផលិតផល​ថែរក្សា​សម្រស់ ខុសច្បាប់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​យក​ផលិតផល​ទាំងនេះ​ទៅ​ពិសោធន៍ និង​អញ្ជើញ​ម្ចាស់​ដែល​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ ដោយឡែក​ទីតាំង​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ការ​អនុវត្ត​បន្ត ។

ករណី​ទី​២-​នៅ​សៀ​ល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​សុខាភិបាល​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​យីហោ​ក្រុមហ៊ុន​ស៊ី អូ ប៊ី ជី វើ​ល​ដ៍ ស្ថិត​នៅផ្ទះ​លេខ​១០ បុរី ហុង ឡាយ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ដែល​បាន​កំពុង​លក់​ចែកចាយ ឱសថ​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល និង​សង្ស័យ​ឱសថ​ក្លែងក្លាយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រាប់​ម្សៅ​ទ្រី​ហ្វា​ឡា​ចំនួន​៣៦​កំប៉ុង រួម​នឹង​ឯកសារ សម្ភារៈ​មួយ​ចំនួន​ផង​ដែរ ។ ទីតាំង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន និង​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​០១​នាក់​ដែល​ជា​ម្ចាស់​ទីតាំង ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ​និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល ដើម្បី​រង់ចាំ​អនុវត្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ