ខឹង​ម្តាយ​ស្តីបន្ទោស​! យក​ដែក​វាយ​ម្តាយ​របួសធ្ងន់​ហើយ ដុត​ផ្ទះ​ចោល​ទៀត

0

បាត់ដំបង ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង បង្ក​ដោយ​បុរស​ម្នាក់​បាន​យក​ដែក​ប្រវែង ១​ម៉ែត្រ វាយ​ទៅ​លើ​ម្ដាយចុង​របស់​ខ្លួន​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​រួច​បន្ត​ដុត​បំផ្លាញ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ទៀត ដោយសារ​ខឹង​ម្ដាយចុង​ស្ដីបន្ទោស​ខ្លួន ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២១​នឹង ១០​នាទី ចំណុច​វត្ត​ភ្នំ​ស្លឹក ស្ថិត​ក្នុងភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ឯក សន និល អធិការ​នគរបាល​ស្រុករ​រន​មណ្ឌល បានអោយ​ដឹង​ថា ជនល្មើស​ប្រព្រឹត្តិ​អំពើ​ហិង្សា​ខាងលើ​ឈ្មោះ ណាត មក​រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ដែក​ប្រវែង ១​ម៉ែត្រ វាយ​ទៅ​លើ​ម្ដាយចុង​របស់​ខ្លួន​ឈ្មោះ សុខ យី​ម អាយុ​៥៨​ឆ្នាំ បណ្ដាល​អោយ​បាក់ដៃ​ខាងស្ដាំ របួស​ខ្នងជើង​ខាងស្ដាំ និង​បែកក្បាល​ផ្នែក​ខាងស្ដាំ (​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​)​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ដុត​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​របស់​ខ្លួន​មាន​ទំហំ ៣​ម៉ែត្រ x ៤​ម៉ែត្រ (​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​) ព្រមទាំង​ឆេះ​ម៉ូតូ​ចាស់​ចំនួន ០២​គ្រឿង ខូចខាត​ទាំងស្រុង ។

ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល និង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ