ផ្ទុះអាវុធ​ក្នុង​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​! បណ្តាល​អោយ​ជនជាតិ​ចិន​ម្នាក់​ស្លាប់ និង​ចាប់​បាន​គ្រឿងញៀន ១៤០០​គីឡូក្រាម

0

ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ កម្លាំង​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ ខេត្ត​កោះ​កង់ និង​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ការ​បង្ក្រាប​នេះ បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រហូត​ឈាន​ដល់​ផ្ទុះអាវុធ​នៅ ផ្លូវជាតិ​លេខ ៤ បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ខណៈ​ក្រុម​ឈ្មួញ​កំពុង​ដឹក​គ្រឿងញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​បាន​ស្លាប់​នោះ គឺជា​ក្រុម​ឧក្រិដ្ឋជន​ដែល​បានបាញ់ប្រហារ​មក​លើ​សមត្ថកិច្ច​នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​បាញ់​ទប់ទល់​វិញ​បណ្តាល​ឲ្យ​ឧក្រិដ្ឋជន​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត ១​គ្រឿង ។

ក្នុង​ករណី​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន ប្រមាណ ១.៤០០ គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​ផលិត ដំណាប់​ស្វាយ​នោះ ៕

ប្រភព៖ Kanharith Khieu