ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានបុរសម្នាក់មកដាក់ពាក្យបណ្តឹងថា រូបគាត់បានចាញ់បោកស្ត្រីរកស៊ីផ្លូវភេទ នៅចំណុចវត្តភ្នំ អស់ទាំងទូរស័ព្ទ និងម៉ូតូ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះបានរៀបរាប់ថា ដំបូងរូបគាត់បានទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំ។ ក្រោយមកនាងនោះបានយកលុយនិងទូរសព្ទរបស់គាត់រួចគេចខ្លួនបាត់។ ជនរងគ្រោះបានបន្តថា ដោយបាត់យូរពេករូបគាត់បានជិះម៉ូតូដើររកស្ត្រីសង្ស័យខាងលើ។ លុះដល់ហាងលក់ម្ជូរមួយកន្លែងនៅជិតវត្តភ្នំក៏ឃើញនាងនោះកំពុងអង្គុយលើកង់បី គាត់ក៏ស្ទុះ ទៅចាប់ឆែករកទូរសព្ទ។ពេលនោះបានវាយប្រតាយប្រតប់គ្នា ដោយស្ត្រីសង្ស័យបានតដៃគ្នាហើយត្រូវក្រុមរបស់នាងនោះព្រួតគ្នាដេញវាយបុរសម្ចាស់ទូរសព្ទព្រមទាំងដកកាំបិតប្រុងកាប់ ធ្វើឱ្យគាត់ភ័យក៏រត់ចូលហាងលក់បាយមួយ។ឆ្លៀតឱកាសនោះស្ត្រីសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនជាមួយបក្ខពួកបាត់តែម្តង។ក្រោយកើតហេតុទើបបុរសរូបនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសុំឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូឱ្យខ្លួនវិញ៕
ប្រភព៖ សហការី