ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ប្រើ​កាំបិត​ខ្វែវ ប៉ុនប៉ង​សម្លាប​មនុស្ស

0

កំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្វាយ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត (​កាប់​ដោយ​កាំបិត​ខ្វែវ​) កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ក្រោយ​ពី​ហេតុការណ៍​កើតឡើង​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរ បាល​ខេត្តកំពង់ចាម បាន​ចាត់តាំង​កម្លាំង​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ចុះ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​កំណត់​បាន​មុខសញ្ញា បាន​ចំនួន​០១​នាក់ ឈ្មោះ ឆេ​ន ឆៃ​វុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម ដែល​បាន​រត់គេច​ខ្លួន ហើយ​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ។

ដោយ​មានការ​ចង្អុល​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង ទទួល​ផែន​សន្តិសុខ និង​ឯកឧត្តម អភិបាល នៃ​គណ​អភិបាលខេត្ត​កំពង់ចាម និង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង រហូត​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​៣០​នាទី សមត្ថកិច្ច បាន​សហការ​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ ឆេ​ន ឆៃ​វុត បាន​នៅ​ចំណុច​តាម​ផ្លូវ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង តាម​អំណាច​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ១៥ អ​.​យ​.​គ ចុះ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ចេញ​ដោយ​លោក សាន សុភៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ ចាម (​ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ខាងលើ ធ្វើ​ឡើង​ក្នុង​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ​)​។

ក្រោយ​ការ​សួរ​ចម្លើយ​ឈ្មោះ ឆេ​ន ឆៃ​វុត បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ពិត​ប្រាក​មែន (​មូលហេតុ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា ពេល​លេង​បាល់ កាលពី​រយៈពេល​០២​ខែ​មុន​)​។

ប​ច្ច​បុ្ប​ន្ន​ឈ្មោះ ឆេ​ន ឆៃ​វុត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ