ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣៥នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្ត មួយដែលបានកើតឡើង ដែលស្ថិតនៅចំណុចផ្លូវ សម្តេច ជា ស៉ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់បន្ទប់ចំនួន ១បន្ទប់ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ វ៉ា សុភា ភេទប្រុស អាយុ ៥៥ឆ្នាំ មុមុខរបរ ជាងជួសជុលរថយន្ត ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការផ្ទុះហ្គាស។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ដែកប្រក់ស័ង្កសី ទំហំ (២ម៉ែត្រ x ២ម៉ែត្រ) អស់ទាំងស្រុង រួចសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង ហេីយពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះករណីគ្រោះអគ្គិភ័យខាងលេីនេះបានបណ្តាលឲ្យមនុស្សម្នាក់បានរងរបួស ត្រូវយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៥០នាទីនាថ្ងៃដដែរ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ