គ្រាន់តែ​ចំណូល​ពី​ការ​លក់​ស្លាក​លេខ​ពិសេស​ក្នុង​រយៈ ១១​ខែ បាន​ប្រាក់​ជាង ១៥​លាន​ដុល្លារ

0

ភ្នំពេញ​៖ ថៃ្ង​អង្គារ ១១​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្តីការ ក្រសួង លោក​ជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​រ​អន្តរក្រសួង​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​រៀបចំ​វឌ្ឍនភាព​ការងារ​របស់​អនុ​គណៈកម្មការ​កំណត់​តម្លៃ និង​រៀបចំ​ការ​លក់ ឬ​ដេញថ្លៃ និង​អនុ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ឆ្នាំ​២០២១ និង​ទិស​ដៅ​ការងារ​បន្ត ឆ្នាំ​២០២២ ដោយ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​អនុ​គណៈកម្មការ​ទាំង​ពីរ​។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ជជែក​ពិភាក្សា ប្រមូល​ធាតុ​ចូល ក៏​ដូច​ជា​រាយការណ៍​អំពី​ការងារ​សម្រេច​បាន​នា ពេល​កន្លង សំដៅ​រៀបចំ​ជា​បទ​បង្ហាញ​អំពី​សមិទ្ធផល​រួម​របស់​គណៈកម្មការ​អន្តរក្រសួង​ក្នុង​ការ​ត្រៀមខ្លួន​បាន​ទាន់​ពេលវេលា ដើម្បី​រាយការណ៍​ជូន​សន្និបាត​ប្រចាំឆ្នាំ​២០២១ និង​ទិស​ដៅ​ឆ្នាំ​២០២២ របស់​ក្រសួង​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​អនុ​គណៈកម្មការ​កំណត់​តម្លៃ និង​រៀបចំ​ការ​លក់ ឬ​ដេញថ្លៃ​ទាក់ទង​នឹង​លទ្ធផល​ការងារ​សម្រេច​បាន​កន្លង​មក បញ្ហា​ប្រឈម ដំណោះស្រាយ និង​សំណូមពរ និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​អនុ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ផ្តល់​ជំនួយ​បច្ចេកទេស ទាក់ទង​នឹង​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០២១ និង​ផែនការ​បន្ទាប់​សម្រាប់​ឆ្នាំ​២០២២​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រ​អន្តរក្រសួង​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត បានឱ្យ ដឹង​ថា​៖ ក្នុង​រយៈពេល​១១​ខែ (​កុម្ភៈ ដល់ វិច្ឆិកា​) ឆ្នាំ​២០២១ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លក់​ផ្លា​ក​លេខ​ពិសេស​ផ្ទាល់ខ្លួន​លក់​បាន​ចំនួន ៤៨០២ លេខ ទទួល​បាន​ចំណូល​ថវិកា​ប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និង​ផ្លា​ក​លេខ​ពិសេស​រាជធានី​-​ខេត្ត​លក់​បាន ២៥៣៦៤ លេខ ទទួល​បាន ចំណូល​ថវិកា​ប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុង​រយៈពេល​១១​ខែ (​មក​រា​-​វិច្ឆិកា​) ឆ្នាំ​២០២១​។

ថ្លែង​ទៅ​កាន់​អង្គប្រជុំ​នា​ឱកាស​នោះ លោក​ជំទាវ​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ យ៉ាង​ជ្រាលជ្រៅ​ដល់​អនុ​គណៈកម្មការ​ទាំង​ពីរ ដែល​បាន​រាយការណ៍​បច្ចុប្បន្ន​ការងារ ក៏​ដូច​ជា​បញ្ជាក់​បន្ថែម​អំពី​បច្ចេកទេស​ព័ត៌មានវិទ្យា និង​លទ្ធផល​ការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២១ ជា​ពិសេស​បាន​កោតសរសើរ​ចំពោះ​មណ្ឌល​ប្រឹក្សា​យោបល់​សេវា​សាធារណៈ ដែល​បាន​ឆ្លើយ​តប និង​ផ្តល់​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា​។

បន្ថែម​ពីលើ​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​អំពី​សមិទ្ធផល​ការងារ​សម្រេច​បាន​ទាក់ទង​នឹង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ ប្រព័ន្ធ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​កាន់តែ​មាន ភាពល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ​ជាង​មុន និង​គួរ​រ​តែ​លើកយក​ទៅ​បង្ហាញ​នៅ ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២១ និង​ទិស​ដៅ​ឆ្នាំ​២០២២​របស់​ក្រសួង​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​រដ្ឋលេខាធិការ បាន​លើក​ឡើង​អំពី​ផែនការ​សកម្មភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ការ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន ជា​ពិសេស​ការ​អញ្ជើញ​ក្រុមហ៊ុន​ឱ្យធ្វើ​ការ​ជាមួយ​យើង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​បាន​ឯកភាព​លើ​ផែនការ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ DIGITAL ការ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​លក់​លេខ​ពិសេស ផ្ទាល់ខ្លួន ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​នីតិវិធី​នៃ​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​តាម​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ជំរុញ​ការ​យល់​ដឹង​បន្ថែម​អំពី​លេខ​ពិសេស​ផ្ទាល់ខ្លួន​(​កម្ពុជា​) ក៏​ដូច​ជា​លេខ​ពិសេស​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​នៅ​តាម​រាជធានី​-​ខេត្ត​ផង​ដែរ​។

លោក​ជំទាវ​ប្រធាន​អង្គប្រជុំ ក៏​បាន​ឯកភាព​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​ក្រុមការងារ​បច្ចេកទេស (Developer)​ឱ្យ​មានចំណេះ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា​(IT) កម្រិត​ខ្ពស់​ផ្នែក​ដោះស្រាយ​បញ្ហា (Algorithm) និង​បញ្ញា​សិប្បនិម្មិត AI (Artificial Intelligence) ដើម្បី​ឱ្យកាន់ការ​ងារ​លេខ​ពិសេស និង​លេខ​ពិសេស​ផ្ទាល់ខ្លួន ហើយ​ក្រោយ​បញ្ចប់​ការ​បណ្តុះបណ្តាល ក្រុមការងារ​បច្ចេកទេស​នេះ​មាន​សមត្ថភាព​អាច​ធ្វើការ បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ការ​ឆ្លើយ​តប​នឹង​ទំហំ​ការងារ​កាន់តែ​ធំ ជា​ពិសេស​អាច​ដោះ ស្រាយ​បញ្ហា​ប្រឈម​នានា​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ជាទី​បញ្ចប់ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រធាន​អង្គប្រជុំ បាន​ស្នើ​ឱ្យ​អនុ​គណៈកម្មការ​ជំនាញ​ទាំង​ពីរ​រៀបចំ របាយការណ៍​អំពី​សមិទ្ធផល​ការងារ​សម្រេច​សំខាន់​ៗ​ជា​រួម​ដាក់​ជូន​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា ដើម្បី​ត្រៀមខ្លួន​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ចូលរួម​រាយការណ៍​ជូន​សន្និបាត​ប្រចាំឆ្នាំ​២០២១ របស់​ក្រសួង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​នេះ​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន