ជា​ស្រី ហើយ​អាយុ​ទើបតែ ២០​ឆ្នាំ បែប​ជា​លួច​ម៉ូតូ​គេ​ទៅ​វិញ

0

ពោធិ៍សាត់ ៖ ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ ពី​ចំណុច​ក្បែរ​ផ្ទះ​ខ្មោច ស្ថិត​ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង (​ព្រំប្រទល់​ស្រុក​រលាប្អៀរ​) កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ទោ យូ គឹ​ម​ថា​រិ​ទ្ធី អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន ពី​លោក​អធិការ​នគរបាល​ស្រុក​រលាប្អៀរ តាម​រយៈ​ទូរស័ព្ទ អំពី​ករណី​ចោរលួច​ម៉ូតូ និង​បាន​ជិះ​មក​ទិស​ខាងលិច លោក​បាន រៀបចំ​កម្លាំង​អធិការ​នគរបាល​ស្រុក​ចំនួន​០៧​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស៊ុ​យ ម៉ៅ អធិការរង​ផែន​ការងារ​នគរបាល​យុត្តិធម៌ ចេញ​អន្តរាគមន៍​ចុះ​ស្រាវជ្រាវ ក៏​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-9937 សេរី​ឆ្នាំ​២០១៧ មាន​ភិនភាគ​ដូចនឹង​ព័ត៌មាន​ផ្តល់​ឲ្យ សមត្ថកិច្ច​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ ឈ្មោះ គួ​ន រតនា នៅ​ចំណុច​ផ្ទះ​ជួល​មាន​ស្លាក​យីហោ អង្គររាជ របស់​ម្ចាស់​ឈ្មោះ ប៉ែន ឃី​ប ភេទ​ស្រី អាយុ​៥២​ឆ្នាំ ស្ថិត​ក្នុងភូមិ​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​វេលា​ម៉ោង ១២​និង​៤៣​នាទី ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ទោ ស៊ុ​យ ម៉ៅ អធិការរង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ខាងលើ មានឈ្មោះ គួ​ន រតនា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានមុខ​របរ មិន​ពិតប្រាកដ ។ លោក​អធិការរង បាន​បន្ត​ថា ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ក្បែរ​ផ្ទះ​ខ្មោច ប្រាកដ​មែន ។
បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ឲ្យ ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ តាម​បញ្ជា​របស់​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ នៅ​វេលា​ម៉ោង ១៦​និង​១១​នាទី ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ