កោះកុង ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទ រំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់ ។
នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅវេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រ៉ូញ តុលា (ហៅទ្បា) ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីសួរបំភ្លឺ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះឈ្មោះ ឈ.ស.យ អាយុ១៣ឆ្នាំ បានសម្រេចចំនួន២លើកពិតប្រាកដមែន ។ លើកទី១នៅចំណុចភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ លើកទី២នៅចំណុចនៅបន្ទប់ជួលភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
បច្ចុប្បន្ន កម្លាំងជុំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ