បង្ហាញមុខ​ជើង​ខ្លាំង​ដាវ​សាំ​ម៉ូ​រ៉ៃ ជំនាញ​ខាង​កាប់​ចាក់

0

នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០០:៥០​នាទី រំលង​អា​ធ្រា​ត្រ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស ដាច់​ចុង​ចង្អុល​ម្រាមដៃ​ខាងឆ្វេង​ចំនួន ០១ និង​ចំ​ដើមទ្រូង​ខាងស្តាំ​បណ្តាល​ឲ្យ​ដាច់​ប្រវែង​០២​សង់ទីម៉ែត្រ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៥៥​កែង ផ្លូវ​លេខ​២២២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​ពៅ ដា​រ៉ា​វិ​ឆ័​យ ភេទ ប្រុស អាយុ​១៧ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​បេតុង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ដោយឡែកជនសង្ស័យ​ឃាត់ខ្លួន​រួមមានឈ្មោះ សន ណា​រ៉ុ​ង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ និងម្នាក់ទៀតឈ្មោះ សៅ សុខ​ហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តាំង​ក្រាំង ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

គួរបញ្ជាក់ថាកាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២២:៣០​នាទី នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ​ជួនណា​ត ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ជិះ​ម៉ូតូ​ចំនួន ០២​គ្រឿង និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ០២​ដើម នៅ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញពី​ដើរ​លេង​នៅ​ក្នុង​កោះ​ពេជ្រ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បានឃើញ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ចំនួន ០៧​នាក់ កំពុង​អង្គុយ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ ពេល​នោះ​ជនសង្ស័យ និង​បក្ខពួក​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​រក​ក្រុម​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ សន ណា​រ៉ុ​ង និង​ឈ្មោះ សៅ សុខ​ហេង បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ម្នាក់​មួយ ចុះ​ពីលើ​ម៉ូតូ​ទៅ​ដេញ​កាប់​លើ​ក្រុម​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ​ពៅ ដា​រ៉ា​វិ​ឆ័​យ ដាច់​ចុង​ចង្អុល​ម្រាមដៃ​ខាងឆ្វេង​ចំនួន​០១ និង​ចំ​ដើមទ្រូង​ខាងស្តាំ បណ្តាល​ឲ្យ​ដាច់​ប្រវែង​០២​សង់ទីម៉ែត្រ រង​របួស​ជា​ទម្ងន់​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួស​រួច ជនសង្ស័យ​ឈ្មោះ សន ណា​រ៉ុ​ង និង​ឈ្មោះ សៅ សុខ​ហេង បាន​រត់ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​រត់គេច​ខ្លួន​បាត់​អស់ ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​។ វត្ថុ​តាង​ចាប់​យក​រួមមានម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ទឹកក្រូច សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​១IQ៩៨៧២​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ