គ្រាន់តែ ៣​ថ្ងៃ​បុណ្យអុំទូក មាន​អ្នក​ដើរ​លេង​ប្រមា​ន ៩១​ម៉ឺន​នាក់

0

ភ្នំពេញ​៖ បើ​តាម​ឯកឧត្ដម ថោ​ង ខុន ដែល​បាន​មាន​ប្រសាសន៍​ថា​៖ នា​ឱកាស​ថ្ងៃ​ឈប់​រយៈ​ពល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​នឹង​ថ្ងៃ​ទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​៩១០,១៥០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៨៩៩,៨៦៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១០,២៨១​នាក់​។

ស្ថិតិ​ភ្ញៀវ​ទេសចរ​ប្រចាំ​ថ្ងៃ រួម​មាន​៖
* ថ្ងៃ​ទី​១៖ មាន​ភ្ញៀវ​សរុប​ចំនួន​១៣២,០១៣​នាក់
* ថ្ងៃ​ទី​២៖ មាន​ភ្ញៀវ​សរុប​ចំនួន​៣៣២,៨៧៥​នាក់ កើនឡើង ១៥២.១៥% ធៀប​នឹង​ថ្ងៃ​ទី​១
* ថ្ងៃ​ទី​៣៖ មាន​ភ្ញៀវ​សរុប​ចំនួន​៤៤៥,២៦២​នាក់ កើនឡើង ៣៣.៧៦% ធៀប​នឹង​ថ្ងៃ​ទី​២ ហើយ​បើ​ធៀប​ថ្ងៃ​ទី​១ គឺ​កើនឡើង ២៣៧.២៨%​។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រយៈពេល​៣​ថ្ងៃនេះ រួម​មាន​៖
* រាជធានី​ភ្នំពេញ ១៩៩,៨៣៥​នាក់
* ខេត្តសៀមរាប ១១៨,១៤៦​នាក់
* ខេត្ត​ព្រះ​សីហ​នុ ១១១,៣២២​នាក់
* ខេត្តកំពត ៨៣,៤៦៦​នាក់
* ខេត្ត​កែប ៧៥,៨៦៥​នាក់
* ខេត្តពោធិ៍សាត់ ៥៣,៨០៧​នាក់
* ខេត្តបាត់ដំបង ៣៨,៦៦៧​នាក់
* ខេត្តកំពង់ស្ពឺ ៣៧,៤៦៥​នាក់
* ខេត្តមណ្ឌលគិរី ៣២,៩៥៧​នាក់
* ខេត្តកណ្តាល ២៧,២៨០​នាក់
* ខេត្តរតនគិរី ២៤,៥៩៦​នាក់

ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​ការ​កត់​សម្គាល់ថា ចំនួន​ភ្ញៀវ​ទេសចរ​រយៈពេល​៣​ថ្ងៃនេះ លើស​ពី​រំពឹង​ទុក ក្នុង​នោះ​យើង​ឃើញ​ថា តួ​លេខា​ង​លើ​មានការ​កើនឡើង ៥៤.៣៤% ធៀប​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២០ ហើយ​បើ​ធៀប​ភ្ញៀវ​ពេល​ឈប់​សម្រាក​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ដូច​គ្នា​នា​ដើមខែ​តុលា ឆ្នាំ​២០២១ ថ្មី​ៗ​នេះ គឺ​មាន​កើនឡើង ៣៦.៩២%​។ ទន្ទឹម​នឹង​នេះ ក្រៅពី​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​សំខាន់​ៗ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​ដើរ​កម្សាន្ត​មិន​ឆ្ងាយ​ពី​គេហដ្ឋាន ដូច​ជា​ជួបជុំ​ញ៉ាំ​អាហារ​ជា​ក្រុម​គ្រួសារ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​ដែល​មានកា​រៀបចំ​ជា​ក្ចុ​ស (​ដូច​ជា​តាម​បណ្តោយ​មាត់ទន្លេ​នៅ​ព្រែក​លាប បាក់​ខែង​ជាដើម​)។​

ឯកឧត្ដម​បាន​បន្ត​ថា ចរន្ត​ភ្ញៀវ​ដ៏​ច្រើន​ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺ​បាន​មក​ពី​ការ​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដំណើរការ និង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ការ​បើក​ឡើង​វិញ​នូវ​គោលដៅ​ដែល​មានការ​រៀបចំ​បាន​ល្អ​ក្នុង​កំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩​នេះ ពិសេស​គោលដៅ​សៀមរាប​-​អង្គរ និង​ក្រុងព្រះសីហនុ​ដែល​បាន​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​សោភ័ណ​ភាព​បាន​ស្រស់បំព្រង​ទាក់ទាញ​បាន​មក​វិញ​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង ស្រប​ពេល​ដែល​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ក៏​បាន​បើក​ដំណើរការ​ឡើង​វិញ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។

ម្យ៉ាងវិញទៀត ទោះបី​ពុំ​មានការ​រៀបចំ​ការ​ប្រណាំងទូក​ថា្ន​ក់​ជាតិ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ បាន​ចេញ​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ​នៅ​មុខ​ព្រះ​បរមរាជវាំង តាម​សួនច្បារ​បណ្តោយ​ទន្លេចតុមុខ តំបន់​កោះ​ពេជ្រ វិមាន​ឈ្នះ​-​ឈ្នះ ស្រប​ពេល​ដែល​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​បាន​រៀបចំ​ការ​ប្រណាំងទូក និង​អុំទូក​កម្សាន្ត ដូច​ជា​នៅ​ខេត្តកណ្តាល ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​កំពង់ស្ពឺ​ជាដើម​។ ទន្ទឹម​នឹង​នេះ នៅ​តាម​បណ្តា​វត្ត​អារាម និង​រមណីយដ្ឋាន​មួយ​ចំនួន​ក៏​បាន​រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ ដើម្បី​រក្សា​ទំនៀមទម្លាប់ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។

ឯកឧត្ដម​ថា ចំពោះ​ឥរិយាបថ​ភ្ញៀវ​ទេសចរ​ក៏​មាន​ប្រែប្រួល​ខ្លះ​ដែរ​ធៀប​នឹង​ពេល​កន្លង​មក ដោយ​ក្នុង​នោះ​ពួក​គាត់​មួយ​ចំនួន​បាន​ងាក​មក​ប្រើប្រាស់​សេវា​របស់​មូលដ្ឋាន​អាជីវកម្ម ដូច​ជា​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ និង​សណ្ឋាគារ​ធម្មតា ផ្ទះសំណាក់ ដែល​បាន​ធ្វើ​ឲ្យ​អត្រា​កក់​បន្ទប់​ស្នាក់​នៅ​តាម​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មាន​កម្រិត​ខ្ពស់ និង​ការ​ចូល​ទទួលទាន​អាហារ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ក៏​មានការ​កើនឡើង ខណៈ​ដែល​នា​ពេល​កន្លង​មក ពួក​គាត់​ច្រើន​តែ​ត្រៀម​សម្ភារៈ និង​ម្ហូបអាហារ​ដាក់​តាម​ខ្លួន​ច្រើន​ជាង​ចូល​ទទួលទាន​ផ្ទាល់​នៅ​ក្នុង​ហាង​។

ឯកឧត្ដម​បាន​បញ្ជាក់​ថា «​កត្តា​ទាំង​អស់នេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ដំណើរ​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​ថ្មី និង​ធ្វើ​ឲ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​មានដំណើរ​ការ​ឡើង​វិញ ពិសេស​សម្រាប់​មូលដ្ឋាន​អាជីវកម្ម និង​វិស័យ​ឯកជន ដែល​បាន​ផ្អាក​សកម្មភាព​នា​ពេល​កន្លង​មក​»​។

រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍​បាន​ខិតខំ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ SOP និង​វិធានការ «៣​កុំ និង ៣​ការពារ​» ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ដោយ​ចាត់​ក្រុមការងារ​ជំនាញ​ចុះ​អប់រំ​ណែនាំ​ផ្ទាល់​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម ខណៈ​ដែល​បុគ្គលិក​បម្រើ​ការ​ក៏​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​ផង​ដែរ​។
ឯកឧត្ដម​សង្កេត​ឃើញ​ជា​រួម​ថា «​ចំពោះ​ភ្ញៀវ​ទេសចរ ពួក​គាត់​មាន​រីករាយ និង​ហាក់​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​ក្នុង​ការ​ដើរ​កម្សាន្ត​បាន​ពេញលេញ ពិសេស​ក្រោយ​ពេល​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ និង​ស្ថានភាព​ទូទៅ​កំពុង​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​ថ្មី​ជា​បណ្តើរ​ៗ»​។

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត កងកម្លាំង​មាន​សមត្ថកិច្ច ពិតជា​បាន​ខិតខំ​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍ ស្រប​ពេល​ចរន្ត​ភ្ញៀវ​ទេសចរ​មាន​ភាព​ផុសផុល​នៅ​គ្រប់​រាជធានី​-​ខេត្ត​៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia