ត្បូងឃ្មុំ៖ កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានហេតុការបុករះមួយបានកើតឡើងនៅបណ្តោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A-2334 ដឹកអេសស្កាវ៉ាទ័រ បើកបរដោយឈ្មោះ នន់ សុគន្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គ្មានរបួស)។ ចំណែករថយន្តរងគ្រោះទី១ម៉ាក ឡង់គ្រីស័រ ពាក់ស្លាកលេខខេមរភូមិន្ទ 09 2-1573 (ខូចខាតកម្រិតធ្ងន់) បើកបរដោយឈ្មោះ ស្រ៊ន់ ណូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គ្មានរបួស)។ រថយន្តរងគ្រោះទី២ ម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2G-5802 ឈប់នៅជាយផ្លូវខាងត្បូង បែរក្បាលទៅទិសខាងកើត ចំពីក្រោយពេញទំហឹង (មិនទាន់ស្គាល់ ឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់នៅឡើយទេ)។
ក្នុងនោះក៏បានបុកអ្នកថ្មើរជើង ២នាក់ ស្លាប់នៅនឹងកន្លែង ដោយម្នាក់ឈ្មោះ អ៊ាន សុភី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញា ហើយក្នុងនោះ ២នាក់របួសស្រាល ជាម្តាយនឹងកូន។
ក្រោយកើតហេតុសមត្ថកិច្ចយករថយន្ត ៣គ្រឿង និងម៉ូតូ ៤គ្រឿងទៅរក្សាទុក និងឃាត់មនុស្សម្នាក់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅដោះស្រាយតាមនីតិវិធីច្បាប់៕