ចាប់​បាន​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ទៅ​ថៃ

0

បន្ទាយ​មាន​ជ័យ ៖ នគរបាល​ស្រុក​ថ្មពួក​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់​ចំនួន​០៧​នាក់ បញ្ជូន​មក​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​មាន​៖ ១/-​ឈ្មោះ ឈៀ​ត ភ័ស្ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​វល្លិ​ប្រេង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​ថ្មពួក ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ការ​ចង្អុលបង្ហាញ​ពី​ពលករ​ខ្មែរ​ចំនួន​០៧​នាក់ ស្រី​០៣​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​យើង​ទប់ស្កាត់​និង​សួរនាំ​ថា​ឈ្មោះ ឈៀ​ត ភ័ស្ស ជា​អ្នក​ជូន​ផ្លូវ​ដោយ​គេ​យក​ថ្លៃ​ក្នុង​ម្នាក់​៥០០​បាត ។

នគរបាល​ស្រុក​ថ្មពួក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ឃាត់ខ្លួន​និង​សួរនាំ ឈ្មោះ ឈៀ​ត ភ័ស្ស បាន​សារភាព​ថា មានឈ្មោះ ឃឹម សំណាង ហៅ ចាន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ជា​អ្នក​ឲ្យ​ខ្លួន​ជូន​មនុស្ស​ទាំងនោះ ដោយ​យក​ថ្លៃ​ម្នាក់​៥០០​បាត ។ ក្រោយ​ពី​បាន​ចម្លើយ​របស់​ឈ្មោះ ភ័ស្ស កម្លាំង​នគរបាល​ស្រុក​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ ឃឹម សំណាង ហៅ ចាន់ មក​សួរនាំ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ប៉ុន្តែ​ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ថា​ខ្លួន​ពុំ​បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ភ័ស្ស ទើប​ស្គាល់ឈ្មោះ ភ័ស្ស បាន​២-៣​ថ្ងៃ ប៉ុណ្ណោះ ។​ប៉ុន្តែ​បើ​តាម​ការ​រាយការណ៍​ពី​មូលដ្ឋាន ឈ្មោះ ចាន់ នេះ ជា​មុខសញ្ញា​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ។ ដោយ​ផ្អែក​លើ​បទបញ្ជា របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​មាន​វិធានការ​បន្ត​តាម​និ​តិ​វិធី ចំណែក​ពលករ​ទាំង​០៧​នាក់ បាន​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ