អោយ​លុយ ៤​ម៉ឺន និង​ម៉ូតូ ជិះ​ទៅ​ទិញ​ស្រា​បៀរ និង​សាច់​ក្លែម​! ចុង​ក្រោយ​ទៅ​បាត់​លែង​ត្រលប់​មក​វិញ​តែ​ម្តង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត (​លួច​ម៉ូតូ​) នៅ​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទូច ផ​ល្លី ភេទ ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ក្រាំង​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មុខរបរ មន្ត្រី​ក្រសួងការពារជាតិ​។

ជនសង្ស័យ​ឈ្មោះ ជា ហាំ​ង​ជីវ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​)។ ហេតុការណ៍​នេះកាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១២:០០​នាទី ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ មក​លេង​ផ្ទះ​ជួល​របស់​ជនសង្ស័យ នៅ​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​កន្លែង​កើតហេតុ​) ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​បាន​ឲ្យ​លុយ​ចំនួន ៤​ម៉ឺន​រៀល និង​ម៉ូតូ​របស់​ខ្លួន​ទៅ​ជនសង្ស័យ​ជិះ​ទៅ​ទិញ​ស្រា​បៀរ និង​សាច់​ក្លែម​យក​មក​ផឹកស៊ី ពេល​ទទួល​បាន​លុយ និង​ម៉ូតូ​ពី​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ មិនឃើញ​ត្រឡប់​យក​ម៉ូតូ​ប្រគល់​មក​ឲ្យ​ជន​រង​គ្រោះ​វិញ​នោះ​។

រហូត​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១១:០០​នាទី ជន​រង​គ្រោះ​ក៏​បាន​តាម​រក ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ជា​របស់​ខ្លួន​ឲ្យ​ខ្ចី នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ភ្នំ​មាស ផ្លូវជាតិ​លេខ​៣ សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃាត់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ចាត់ការ​តាម​ផ្លូវច្បាប់​។

វត្ថុ​តាង​ចាប់​យក​រួមមានម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ ១FH ២៧៤៤ ជា​របស់​ជន​រង​គ្រោះ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិ​ធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ