រក​ឃើញ​ទាំង​ទំនិញ​ខូចគុណភាព និង​អាល់កុល​ក្លែងក្លាយ

0

មន្ត្រី​ក​.​ប​.​ប​. ប្រចាំ​ខេត្តតាកែវ និង​ខេត្តបន្ទាយមានជ័យ​បាន​ប្រើប្រាស់​នុ​ូ​វ​រថយន្ត​ពិសោធន៍​ចល័ត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​បណ្ដា​ផ្សារ​ដែល​ស្ថិត​ក្នុង​ភូម​សាស្ត្រ​នៃ​ខេត្ត​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ ក្រោយ​ពី​បាន​វិភាគ​គុណភាព​ទំនិញ​តាម​រយៈ​រថយន្ត​ពិសោធន៍​ចល័ត​រួច​មក មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំនួន ១៣៨.២២​គីឡូក្រាម និង​អាល់កុល​ក្លែងក្លាយ (​មេតា​ណុ​ល​) ចំនួន ១០​លី​ត្រ​ផង​ដែរ​។ ក្រោយ​ពី​បាន​រក​ឃើញ​ដូចនេះ មន្ត្រី ក​.​ប​.​ប​. បាន​ធ្វើការ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សា​ទុក និង​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទំនិញ ព្រមទាំង​បាន​ណែនាំ​ដល់​ពួក​ឱ្យ​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ខូចគុណភាព​ជូន​ប្រជាពលរដ្ឋ​។

គួរ​រំលឹក​ផង​ដែរ​ថា រថយន្ត​ពិសោធន៍​ចល័ត​ចំនួន ៥​គ្រឿង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ដល់​សាខា ក​.​ប​.​ប​. នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ការងារ​របស់​មន្ត្រី​តាម​បណ្ដា​ខេត្ត​ទៅ​លើ​ការ​វិភាគ​គុណភាព​ទំនិញ​ឱ្យ​បាន​កាន់តែ​សុក្រឹត​ដើម្បី​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF