បន្ទាយមានជ័យ ៖ ពលករខែ្មរដែលត្រលប់មកពីប្រទេសថៃចំនួន២៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនា ម័យ លាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច ផឹកត្រូវបានពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។ ដែលពលករ សរុបចំនួន២៥នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន០៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សង្គ្រោះបន្ទាន់ចំនួន១៨នាក់។
របាយការណ៍បានបញ្ជាក់ថា៖ ករណីនេះគឺបណ្តាលមកបងប្អូនពលករទាំងនោះ បានយកអាល់ដែលសំរាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យ យកទៅលាយជាមួយតែអូអ៊ិឈិនិងទឹកក្រូច រួចនាំគ្នាទទួលទាន ត្រូវបានពុលស្លាប់នៅកន្លែង និងខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំ កាលនៅប្រទេសថៃ។
ទាក់ទិននឹងករណីនេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកនាំពាក្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅត្រឹមវេលាម៉ោង០៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ជនរងគ្រោះ ដែលបានពុលមានចំនួន២៥នាក់មានរោគសញ្ញា ក្នុងនោះមទល់ពេលនេះអ្នកពុលបានស្លាប់ដល់ទៅចំនួន០៧នាក់ហើយ។ ចំពោះហេតុការណ៍កើតតាំងពី ថ្ងៃទី១១ ខែវិច្ឆិកា ប្រហែលជាម៉ោង២រសៀលមកម្លេះ ។
លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។ ក្រោយពីមានករណីពុល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការយកសំណាកដែលពុលយកទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ ចំពោះលទ្ធយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ