ភ្នំពេញ៖ កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីភ្លើងឆេះផ្ទះល្វែងមួយកន្លែងនៅចំណុចបូរីពិភពថ្មីចំការដូង ផ្លូវលេខ៧ ផ្ទះលេខ១៦០A សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ដូរ។ នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោរផ្ទះ ហើយចេញទៅក្រៅ ផឹកកាហ្វេជាមួយមិត្ត។ មួយសន្ទុះក្រោយមកអ្នកជិតខាងបានឃើញ ផ្សែងចេញផ្ទះឆេះខាងលើ ហើយក៏បានព្យាយាមប្រើបំពុងបាញ់ពន្លត់ដែរ ប៉ុន្តែនៅតែមិនអាចពន្លត់បាន។ ទើបអ្នកជិតខាងបានទំនាក់ទំនងទៅសមត្ថកិច្ច ហើយធ្វើការបាញ់ពន្លត់រហូតដល់ម៉ោង ១:១០នាទី ទើបរលត់។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ចំពោះមូលហេតុដែលបណ្តាលអោយមានអគ្គិភ័យនេះ គឺឆ្លងចរន្តអគ្គិសនី។ ចំពោះសំភារៈខូចខាតគិតជាប្រាក់ប្រហែលជាង ១០ម៉ឺនដុល្លារ៕