មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ ហ៊ាន​ចំណាយ​លុយ ២​ម៉ឺន​ដុល្លារ ដើម្បី​បញ្ចប់រឿង វាយ​ក្មេង​ស្រី ២​នាក់ និង​បង្ខំ​អោយ​ស៊ី​អាចម៍ឆ្កែ

0

ក្រចេះ​៖​ លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ បាន​ចំណាយ​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​បញ្ចប់រឿង ក្រោយ​ពី​បាន​បញ្ជា​អោយ​កូនចៅ​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​២​នាក់ អាយុ​ទើបតែ​១២​ឆ្នាំ ជា​ឈ្នួល​បម្រើ​នៅផ្ទះ និង បង្ខំ​អោយ​ស៊ី​អាចម៍ឆ្កែ ។ ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះ​មិន​ព្រម​ទទួល​នូវ​លុយ​ទាំងនេះ ទើប​សមត្ថកិច្ច​បាន​ចាត់ការ​បន្ត​តាម​នីតិវិធី​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន លោក ទេព ហ៊ុយ និង បក្ខពួក មួយ​ចំនួន​តែ​ម្តង ។ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ ថ្លែង​ថា នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ដោយឡែក លោក​ព្រះរាជអាជ្ញា​រង រ៉ា បូ​រ៉ា​ន់​ឌី អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ថ្លែងប្រាប់​ផង​ដែរ​ថា ពេល​នេះ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​មក​តុលាការ​នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយទៀត បាន​ទម្លាយ​ប្រាប់​ថា លោក ទេព ហ៊ុយ កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដក​ពាក្យបណ្តឹង និង ធ្វើ​យ៉ាងណា​កុំអោយ​លោក​អស់​តួ​នារី​ជា​មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ ព្រមទាំង​ចៀស​ផុស​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ ។ រឿងរ៉ាវ​ដែល​កំពុង​ផ្ទុះ​កក្រើក​ខ្លាំង​នេះ មហាជន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត រហូត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក៏​បាន​សម្រេច​ការពារ​ក្តី​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។

លោកស្រី ឈិ​ន សុខ​ឃឿ​ន ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ថា លោកស្រី​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​កូនស្រី​ដែល​ទើប​មាន​អាយុ​១២​ឆ្នាំ ជា​ឈ្នួល​បម្រើ​នៅផ្ទះ​លោក ទេព ហ៊ុយ ប្រាប់​ថា លោក ទេព ហ៊ុយ បាន​បញ្ជា​អោយ​កូនចៅ​ប្រើ​អំពើ​ហិង្សា យក​កៅអី​វាយ​ក្បាល អោយ​ដេក​ឱប​ផ្នូរ​សត្វ​ឆ្កែ និង បង្ខំ​អោយ​ស៊ី​អាចម៍ឆ្កែ ថែម​ទៀត គ្រាន់តែ​រឿង​ឆ្កែ​ងាប់ ប៉ុណ្ណោះ ។
លោកស្រី បន្ត​ថា លោក ទេព ហ៊ុយ បាន​យល់ព្រម​បង់ប្រាក់​ចំនួន​២០​លាន​រៀល ដើម្បី​បញ្ចប់រឿង​នេះ ។ ក្រោយមក ហ៊ាន​ផ្តល់​អោយ​ដល់​ចំនួន​២​ម៉ឺន​ដុល្លារ តែ​លោកស្រី​មិន​ព្រម​នោះ​ទេ ដោយ​បាន​ប្តឹងផ្តល់​រួចរាល់​អស់ហើយ ។

ដោយឡែក ក្មេង​ស្រី​រង​គ្រោះ​វិញ និយាយ​ថា មូលហេតុ​ដែល​នាង​បាន​ច្រ​មុជ​សត្វ​ឆ្កែ​របស់​ដល់​ងាប់ នោះ ដោយសារ​តែ​កូនស្រី​ពៅ​របស់ លោក ទេព ហ៊ុយ ជេរ​ប្រមាថ នាង ថា «​ពូជ​មី​ឆ្កែ​»​។ មហាជន​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មេត្តា​ដក​តួនាទី លោក ទេព ហ៊ុយ និង សូម​អោយ​តុលាការ​ខេត្តក្រចេះ មេត្តា​ចាត់ការ​តាម​ផ្លូវច្បាប់​កុំ​លើកលែង​អោយ​ឡើយ ដោយ​ទ​ង្វើ​របស់​លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវ​បាន​មហាជន ចាត់​ទុក​ថា «​ជា​អំពើ​ឃោរឃៅ អ​សីលធម៌ និង ថោកទាប​បំផុត​» មិន​សម​ធ្វើ​ជា​កងកម្លាំង​បម្រើ​ប្រជាពលរដ្ឋ ទៀត​នោះ​ទេ ៕

ប្រភព៖ ឡៃលី ប៉ោយប៉ែត-Laily Poipet